សៀមរាប៖ កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ មានក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន៥នាក់បានវាយទៅលើជនរងគ្រោះមួយក្រុមទៀតដែលមានគ្នា៣នាក់បណ្តាលឲ្យរងបួសនៅចំណុច ទំនប់៧៨ ចុងភូមិស្រម៉ធំឃុំដានរុនស្រុកសូទ្រនិគមខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា មានក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន៥នាក់បានវាយទៅលើជនរងគ្រោះមួយក្រុមទៀតដែលមានគ្នា៣នាក់បណ្តាលឲ្យរងបួសរួចរត់គេចខ្លួនតែត្រូវកម្លាំងនគរបាលស្រុកសូទ្រនិគម ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ។
សមត្ថកិច្ចបង្ហាញថា អង្គហេតុ តាមការបំភ្លឺរបស់ដើមចោទនៅវេលាម៉ោង និងថ្ងៃខែឆ្នាំកើតហេតុខាងលើ ក្រុមដើមចោទមានគ្នា ០៣ នាក់ បានជិះម៉ូតូ ០២គ្រឿង ទៅផឹកស៊ីនៅកញ្ចុះទំនប់៧៨ ស្ថិតនៅចុងភូមិស្រម៉ធំ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អង្គុយបានមួយភ្លែត ក៏ឃើញក្រុមចុងចោទមានគ្នា០៥នាក់ មកអង្គុយផឹកស៊ីគ្នា។ ដោយសារធ្លាប់មានទំនាស់ ឌឺដង និងវាយគ្នាពីមុន ក្រុមចុងចោទដែលមានគ្នា០៥នាក់ បានយកមួកសុវត្ថិភាពស្ទុះទៅវាយក្រុមដើមចោទ០៣នាក់ បណ្ដាលឲ្យរងរបួសខាងដើមចោទ០១នាក់ រយៈក្បាល ០,៣ សង់ទីម៉ែត្រ។ ហើយភ្លាមនោះ ក្រុមចុងចោទបានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចសហការគ្នាឃាត់បានជាបន្តបន្ទាប់នៅថ្ងៃទី០៤ ខែមករាឆ្នាំ២០២២ ហើយនាំខ្លួនយកមកសួរនាំនៅអធិការដ្ឋានស្រុកសូទ្រនិគមតែម្ដង។ ក្រោយពីសាកសួរ នៅចំពោះមុខសមត្ថកិច្ចក្រុមចុងចោទបានសារភាពថាពួកខ្លួនពិតជាបាននាំគ្នាប្រួតវាយទៅលើក្រុមដើមចោទប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងនគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីមានវិធានការបន្តតាមផ្លូវច្បាប់៕ដោយ ភារះ