ខេត្ដក្រចេះ÷ ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានកត់ត្រាទុកសត្វផ្សោតកើតថ្មី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះដោយបង្ហាញឱ្យដឹងថា មានកូនសត្វផ្សោតមួយក្បាលថ្មី ដែលជាកូនទី៦សម្រាប់ឆ្នាំ២០២១ ត្រូវបានកើតនៅក្នុងទីជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
បើតាមអង្គការ WWF ការរកឃើញកូនសត្វផ្សោតមួយក្បាលថ្មី ដែលជាកូនទី៦ ក្នុងឆ្នាំ២០២១ ដែលបានបិទបញ្ចប់ជាមួយនឹងដំណឹងដែលពោរពេញដោយក្តីរំភើបរីករាយ ជាពិសេស សម្រាប់ហ្វូងសត្វផ្សោតអ៊ីរ៉ាវាឌី និងប្រព័ន្ធទន្លេមេគង្គទាំងមូល តាមរយៈសត្វផ្សោតកើតថ្មីនេះ។យោងតាមរបាយការណ៍របស់អង្គការ WWF បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ ក្រុមអ្នកវិទ្យាសាស្ត្រ បានកត់ត្រាទុកសត្វផ្សោតកើតថ្មីសរុបចំនួន៩ក្បាល។ ជំរឿនសត្វផ្សោតទន្លេមេគង្គបានប៉ាន់ ប្រមាណថាចំនួនសត្វផ្សោតសរុបមានត្រឹមតែ៨៩ក្បាល ប៉ុណ្ណោះ កំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ ស្ថានភាពនេះ ចាំបាច់ទាមទារនូវវិធានការរួមគ្នា ហើយខ្លាំងក្លាជាងមុនបន្ថែមទៀតដើម្បីការពារប្រភេទសត្វផ្សោតទឹកសាប ដែលមានសារៈ សំខាន់ជាសកលទាំងនេះ ឱ្យចៀសផុតពីការឈានទៅផុតពូជ។
ជាមួយគ្នានេះដែរ មិនតែប៉ុណ្ណោះ យើងត្រូវរួមគ្នាការពារទន្លេមេគង្គ និងថែរក្សាលំហូរបែបធម្មជាតិរបស់សត្វផ្សោតឱ្យគង់វង្ស នាពេលឥឡូវនេះ ដើម្បីកុំឱ្យវាយឺតពេល៕ ដោយ វាយោ ប្រភព៖ អង្គការ WWF