ខេត្តសៀមរាប៖ នៅម៉ោង៨ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។
តាមរបាយការណ៍ នៅម៉ោង៤និង៥០នាទីរសៀល ថ្ងៃដដែល ជនដៃដល់ជាឃាតកត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជុំ ឃាត់ខ្លួនពេលរត់គេចខ្លួនក្រោយធ្វើសកម្មភាពវាយសម្លាប់បុរសម្នាក់នៅចំណុចភូមិរលំ ឃុំស្រែខ្វាវ ខាងត្បូងកន្លែងកើតហេតុប្រមាណ៤គីឡូម៉ែត្រ។
ប្រភពបន្តថា ជនសង្ស័យឈ្មោះ ផាន់ សូយ ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិ កើតហេតុខាងលើ មុខរបរ កម្មករ។ ចំណែកជនរងគ្រោះ ឈ្មោះ សឿយ អឿយ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្រោយពីសាកសួរឈ្មោះ ផាន់ សូយ បានសារភាពថា រូបខ្លួនពិតជាបានយកដំបងឈើវាយសម្លាប់ជនរងគ្រោះឈ្មោះ សឿយ អឿយ ពិតប្រាកដមែនដោយសារជនរងគ្រោះ បានខឹងរូបខ្លួនថាឲ្យរូបគេ រឿងចូលបន្ទប់ទឹកយូរ ក្រោយពេលចេញពីបន្ទប់ទឹករួចជនរងគ្រោះបានទាញដំបងឈើរកវាយមកលើរូបខ្លួន ទើបពេលនោះរូបខ្លួន បានទាញយកដំបងឈើជ្រុងប្រវែងប្រហែល ១០០សង់ទីម៉ែត្រ វាយតបទៅលើជនរងគ្រោះចំនួន៤ដំបង (ត្រូវក្បាល១ដំបងនិងស្មា០៣ដំបង)។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ព្រមទាំងវត្ថុតាង ការិយាល័យជំនាញកំពុងតែអនុវត្តន៍តាមនីតិវិធី៕ ដោយ វាយោ