Sunday, November 24, 2024
Header Banner

មាន់អាំង ស្រុកប្រាសាទបាគង មានរសជាតិឈ្ងុយឆ្ងាញ់ ដែលជាទីទាក់ទាញភ្ញៀវជាតិដែលមកទស្សនា ឬធ្វើដំណើរឆ្លងកាត់ខេត្តសៀមរាប

ខេត្តសៀមរាប៖ ភ្ញៀវជាច្រើនដែលបានធ្វើដំណើរតាមផ្លូវជាតិលេខ៦ឆ្លងកាត់តាមស្រុកប្រាសាទបាគង និងបានចូលបរិភោគអាហារនៅកន្លែងលក់មាន់អាំង ត្រង់ចំណុចក្បែរគល់ស្ពានក្អែក ស្ថិតនៅក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនិយាយតៗគ្នាថា មាន់អាំងនៅទីនេះ មានរស់ឈ្ងុយឆ្ងាញ់ៗ មិនដាច់ពីមាត់ឡើយ ហើយការរៀបចំតុបតែងដាក់ម្ហូបដាក់បាយដោយកន្រ្តកទ្រាប់ស្លឹកឈូកគួរឲ្យចាប់អារម្មណ៍ផងដែរ ។

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បងប្អូនអ្នកលក់មាន់អាំងនៅទីតាំងខាងលើបានអោយដឹងថា÷ ក្នុងមួយថ្ងៃៗ ពួកគាត់អាចលក់មាន់អស់ចាប់ពី ៣០ក្បាល រហូតទៅដល់ ៤០ក្បាល តែបើថ្ងៃសៅរ៍ថ្ងៃអាទិត្យ ឬក៏ថ្ងៃបុណ្យទាននានា ពួកគាត់អាចលក់បានរហូតដល់ទៅចំនួន ១០០ក្បាលជាងឯណោះ ។ពួកគាត់អាចរកប្រាក់ចំណូលពីការលក់មាន់អាំងដ៏ឆ្ងុយឆ្ងាញ់បានក្នុងមួយថ្ងៃៗ ចាប់ពី ២០ម៉ឺនរៀល រហូតដល់ទៅ ១លានរៀល ដែលអាចផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅប្រចាំថ្ងៃរបស់ពួកគាត់បានស្រួលសមរម្យ។

ប្អូនស្រីម្នាក់ឈ្មោះ ចាប ច្រៀប ជាអ្នកប្រកបមុខរបលក់មាន់អាំង បានអោយដឹងថា ការលក់មាន់អាំង និងគ្រឿងឧបភោគបរិភោគកន្លងមកក្នុងមួយថ្ងៃៗ យើងលក់ដាច់គួរសមអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរជាងមុន ការលក់មាន់អាំងនេះ គឺយើងលក់អស់រយ:ពេលជាង៣ឆ្នាំមកហើយ កាលពីមុនធ្លាប់ធ្វើការនៅសណ្ឋាគារមួយក្នុងក្រុងសៀមរាប ប៉ុន្តែប្រាក់ខែតិចពេកមិនអាចផ្គត់ផ្គង់គ្រួសារបាននោះ ទើបសម្រេចចិត្តផ្លាស់ប្តូរពីការងារងាកមករកស៊ីលក់មាន់អាំងវិញ។

ចំណែកអ្នកលក់មាន់អាំងមួយរូបទៀត លោក ហេង សុខលី បានបង្ហាញស្រដៀងៗគ្នាថា យើងបានរកស៊ីលក់មាន់អាំងនេះ ជាច្រើនឆ្នាំមកហើយ យើងឃើញថាមុខរបមួយនេះ វាមិនស្រួលហើយក៏មិនពិបាកណាស់ណាដែរ តែយើងទទួលបានកម្រៃទៅតាមភ្ញៀវដែលមកហូបនៅទីនេះផ្ទាល់តែម្តង បើមានភ្ញៀវច្រើនយើងលក់ដាច់បានច្រើន បើតិចលក់បានតិចប៉ុណ្ណោះឯង ប្រាក់ចំណូលដែលបានមកពីការលក់មាន់អាំង គឺយើងបានបែងចែកសម្រាប់ប្រាក់ខែបុគ្គលិក សម្រាប់ឲ្យកូនរៀនសូត្រ នឹងទូទាត់ប្រាក់ដើមដែលយើងបានចំណាយទៅលើគ្រឿងឧបភោគបរិភោគ ក្រៅពីនោះ នៅសល់ប៉ុន្មាន គឺទុកធ្វើដើមទុនបន្តមុខរបនេះទៀត ពាក់ព័ន្ធនឹងសេវាកម្មមិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ កន្លែងយើងរុះរាយរាក់ទាក់ភ្ញៀវ ជាពិសេស តម្លៃសមរម្យ មានអនាម័យល្អ បរិស្ថានល្អ របស់របវិចខ្ចប់ដោយស្លឹកឈូកគួរឲ្យទាក់ទាញ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០កន្លងមកនោះ ដែលអាជ្ញាធរខេត្ត បានរៀបចំជាព្រឹត្តិការណ៍សំរាកសៀមរាប គឺមានកម្មវិធីប្រកួតមានអាំងដ៏ឆ្ងុយឆ្ងាញ់នៃខេត្តសៀមរាប ក្នុងពិធីនោះ ក៏មានចុងភៅមកពីតំណាង១២ក្រុង ស្រុក បានចូលរួមជាគណៈកម្មការដាក់ពិន្ទុ ជាលទ្ធផលក្រុមចុងភៅតំណាងមកពីស្រុកបន្ទាយស្រីជាប់ចំណាត់ថ្នាក់លេខ១ , ខណ:លេខ២ បានទៅស្រុកសូទ្រនិគម និងក្រុងសៀមរាបជាប់ចំណាត់ថ្នាក់លេខ៣។ សម្រាប់ពានរង្វាន់ក្នុងការប្រកួតនោះ៖ ក្រុមលេខ១ ទទួលបានពាន ១, ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ២លានរៀល ,ក្រុមលេខ២ ទទួលបានពាន១ ,ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១.៥លានរៀល និងក្រុមលេខ៣ ទទួលបានពាន ១, ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១លានផងដែរ៕ ដោយ វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម