ខេត្តឧត្តរមានជ័យ÷ នៅដើមឆ្នាំ២០២២នេះ ការនាំចេញដំឡូងមីទៅថៃរបស់ប្រជាកសិករនៅខេត្តឧត្តរមានជ័យមានការកើនឡើងបើធៀបទៅនឹងឆ្នាំ២០២១ ដែលត្រូវបានគេមើលឃើញថាកំពុងតែមានទីផ្សារ ខណៈមន្ត្រីបានអះអាងដែរថា នៅដើមឆ្នាំ២០២២នេះ ការនាំចេញដំឡូងមីទៅប្រទេសថៃមានចំនួនជិត១០ម៉ឺនតោន ខណៈពេញមួយឆ្នាំ២០២១ ការនាំចេញមានជិត២៦ម៉ឺនតោន។
នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ លោក សូត្រ ស៉ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ត្រឹមខែមករាឆ្នាំ២០២២នេះ ដំឡូងមីរបស់កសិករនៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបាននាំចេញទៅប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ក្នុងក្រុងសំរោង និងច្រកអន្តរជាតិជាំក្នុងស្រុកអន្លង់វែង មានចំនួន៨ម៉ឺនតោន ខណៈពេញមួយឆ្នាំ២០២១ ការនាំចេញមានចំនួន២៥៧,០១៤តោន។
លោកបញ្ជាក់ថា ចំពោះតម្លៃដំឡូងមីក្នុងខែធ្នូ ឆ្នាំ២០២១ និងខែមករា ឆ្នាំ២០២២ គឺខុសគ្នាតិចតួច គឺអាស្រ័យលើទីតាំងជិតឆ្ងាយ នៃសៃឡូ គឺគេទិញបញ្ចុះតម្លៃតិចទៅដោយសារពាក់ព័ន្ធនឹងការដឹកជញ្ជូន។ ហើយតម្លៃដំឡូងមីសើម គឺ២៧០រៀល ទៅ២៩០រៀលក្នុង១គីឡូក្រាម ចំណែកដំឡូងមីស្ងួតតម្លៃ៥៩០រៀល ទៅ៦១០រៀលក្នុង១គីឡូក្រាម ទៅតាមតំបន់ជិតឆ្ងាយដោយសារចំណាយលើការដឹកជញ្ជូន។
ការកើនឡើងនៃទិន្នផលដំឡូងមីបើប្រៀបធៀបជាមួយឆ្នាំកន្លងទៅ គឺដោយសារការផ្លាស់ប្តូរពូជ និងកន្លងមកកសិករមានបញ្ហាដោយសារជំងឺ មូហ្សិក វាយលុកលើដំណាំដំឡូងមីទូទាំងប្រទេស។ លោកប្រធានមន្ទីរបានោយដឹងទៀតថា តាមរយៈការសហការជាមួយអង្គការ GIZ នៅក្នុងតំបន់ បានធ្វើការដាំដុះពូជថ្មីដែលធន់នឹងការឆ្លងជំងឺ មូហ្សិក បានដាំទៅលើកសិករឆ្នើម ដើម្បីឲ្យពួកគាត់ផលិតពូជលក់នៅក្នុងតំបន់ ហើយបច្ចុប្បន្ននេះ គឺបានធ្វើគ្រប់កន្លែងទាំងអស់ក្នុងខេត្តឧត្តរមានជ័យ ដើម្បីលក់ដើមចែកចាយទៅដល់កសិករនៅក្នុងតំបន់តាមស្រុក ក្នុងខេត្តឧត្តរមានជ័យ។
តាមរយៈការផ្លាស់ប្តូរពូជថ្មី KU៥០ និងពូជរ៉ាក់យ៉ង៧ រ៉ាក់យ៉ង៩ ហើយពូជដែលធនជាងគេគឺពូជ KU៥០ដែលធ្វើឲ្យកសិករចាប់អារម្មណ៍ បានផ្លាស់ប្តូរពូជដែលគាត់ដាំកន្លងមក ងាកមកដាំពូជ KU៥០ វិញ ធ្វើឲ្យគាត់មិនជួបបញ្ហាជំងឺឆ្លងមូហ្សិកធ្ងន់ធ្ងរ មិនថយគុណភាពចំណែកទិន្នផលបើប្រៀបធៀបជាមួយឆ្នាំកន្លងទៅគឺកើនឡើងច្រើន ហើយឆ្នាំក្រោយៗទៀតទិន្នផលនឹងកាន់តែកើនឡើង ដោយសារពូជដាំបានរីកសាយភាយនៅក្នុងខេត្តនឹងអាចនាំចេញទៅខេត្តផ្សេងៗ ហើយជំងឺមូហ្សិកក៏មានការថយចុះតាមរយះការផ្លាស់ប្តូរពូជ KU៥០ នេះដែរ៕ ដោយ ភារះ