Sunday, November 24, 2024
Header Banner

ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២២ មានភ្ញៀវទេសចរ ១ម៉ឺន៤ពាន់នាក់

ខេត្តសៀមរាប÷ ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២២ ជាសញ្ញាភ្លើងខៀវ នៃការបើកទ្វារទេសចរណ៍សៀមរាប-អង្គរ។

យោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាបបង្ហើបឲ្យដឹងថា ថ្ងៃសែនដូនតាចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២២ មានភ្ញៀវទេសចរ ១ម៉ឺន៤ពាន់នាក់ ច្រើនលើស៤ថ្ងៃ នៃថ្ងៃចូលចិនឆ្នាំ២០២១កន្លងមក ដែលលទ្ធផលនេះ អាចនិយាយបានថា វិស័យទេសចរណ៍កម្ពុជា កំពុងដកខ្លួនឲ្យនៅឆ្ងាយពីកូវីដ-១៩ ក្រោមយុទ្ធសាស្រ្តគន្លឹះ ចាក់វ៉ាក់សាំង និងអនុវត្តវិធានសុវត្តិភាព ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល។

បើតាមសេចក្តីរាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នាល្ងាចថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២២ សម្រាប់តួលេខថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ថ្ងៃសែនកុងម៉ាចូលឆ្នាំចិន-វៀតណាម ឆ្នាំខាល បញ្ជាក់អំពីស្ថានភាពភ្ញឿវទេសចរដើរកំសាន្ត មានប្រមាណជា ១ម៉ឺន៤ពាន់នាក់ ក្នុងនេះមកពីបណ្តាខេត្ត-រាជធានី មានប្រមាណពី ៣០ ទៅ ៣៥% ធ្វើដំណើរកំសាន្ត ជាលក្ខណ:គ្រួសារ ទៅកាន់រមណីយដ្ឋានអង្គរ ឧទ្យានជាតិភ្នំគូលេន និងសហគមន៍-តំបន់អេកូទេសចរណ៍ផ្សេងៗទៀតផងដែរ។ ក្នុងចំនួននេះ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៥១១នាក់។

យ៉ាងណាក៏ដោយ អង្គរវត្ត នៅតែជាគោលដៅដ៏ទាក់ទាញបំផុត នៃដំណើរកំសាន្តទាំងនោះ គឺទទួលភ្ញៀវបានប្រមាណជា ៨ពាន់នាក់ ខណ:ដែលភ្នំគូលែនទទួលបានជិត ៣ពាន់នាក់ សហគមន៍ទេសចរណ៍ និងតំបន់អេកូទេសចរណ៍ផ្សេងៗ ទទួលបានជាង ៣ពាន់នាក់។

សេចក្តីលំអិតនៅក្នុងសេចក្តីរាយកាណ៍នេះ បានបញ្ជាក់ថា ក្នុងចំណោមនៃចំនួនភ្ញៀវទេសចរខាងលើ មានភ្ញៀវចំនួន ១២៥នាក់ ដែលបានចូលមកកំសាន្តខេត្តសៀមរាប តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវបានត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំង និងឆ្លងកាត់ការធ្វើតេស្តរហ័ស បង្កាកូវីដ-១៩ លទ្ធផលអវិជ្ជមានទាំងអស់។ នៅក្នុងសេចក្តីរាយការណ៍នេះ ពុំទាន់បានបញ្ជេញឲ្យដឹងនៅឡើយទេ អំពីតួលេខភ្ញៀវដើរកំសាន្តសម្រាប់ពីរថ្ងៃបន្ទាប់ទៀត ដែលគេសង្ឃឹមថា តួលេខរយ:ពេល ២ថ្ងៃបន្ទាប់នេះ នឹងហក់ឡើងយ៉ាងខ្លាំង ព្រោះជាថ្ងៃប្រពៃណី ពួកគាត់ត្រូវការដើរលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។

គួររំលឹកថា ឆ្នាំកន្លងទៅ កាលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៃវិបត្តិកូវីដ-១៩ សេចក្តីរាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ចេញឲ្យដឹងថា រយ:ពេល ៤ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាម ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ កុម្ភ: ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបជិត ១ម៉ឺន២ពាន់នាក់ប៉ុណ្ណោះ ក្នុងនោះភ្ញៀវផ្ទៃក្នុងបរទេស មានជិត ២ពាន់នាក់៕ ដោយ ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម