ខេត្តសៀមរាប៖ កម្លាំងនគរបាលមូលដ្ឋានក្រុងសៀមរាប និងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានសៀមរាប បានបើកការស្រាវជ្រាវករណីជនសង្ស័យម្នាក់ត្រូវជាពូរបស់ជនរងគ្រោះ បានធ្វើសកម្មភាពអំពើហិង្សា និងប៉ុនប៉ងរំលោភទៅលើក្មួយស្រីរបស់ខ្លួនតែមិនបានសម្រេច។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២២ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលបានបណ្តឹងរបស់ម្តាយជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ព្រមទាំងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ទើប លោកបានដឹកនាំកម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កុល សាម៉ៃ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ រស់នៅភូមិឃុំខាងលើពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវះ ដោយប្រើអំពើហិង្សា ( បទល្មើសជាក់ស្តែង ) កាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី ៣០ខែមករាឆ្នាំ២០២២ ត្រង់ចំណុចផ្ទះជនរងគ្រោះ។
លោកបន្តថា ដំណើររឿងនៅវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ច.ណ ភេទស្រី អាយុ ១៤ឆ្នាំ កំពុងនៅផ្ទះម្នាក់ឯង ដោយម្តាយ និងបងស្រីបានចេញទៅក្រៅអស់ ពេលនោះមានជនសង្ស័យម្នាក់ ពាក់អាវភ្លៀង និងពាក់មួកក្រណាត់ គ្របមុខជិត សល់តែគ្រាប់ភ្នែក បានដើរចូលមកធ្វើសកម្មភាព ចាប់ជនរងគ្រោះប៉ុនប៉ងរំលោភ ដោយដាល់ពោះជនរងគ្រោះចំនួន០២ដៃ បណ្តាលឲ្យដួល។ បន្ទាប់មកជនសង្ស័យបានចាប់ស្រាតខោក្នុងរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើបំរាស់។ភ្លាមនោះជនសង្ស័យបានយកម្ជុលចាក់មកលើជនរងគ្រោះ០២ម្ជុល( ដៃស្តាំ០១ម្ជុលនិងស្មាស្តាំ០១ម្ជុល) ជនរងគ្រោះបានសុំអង្វរដោយដឹងថាជនសង្ស័យ គឺជាពូរបស់ខ្លួន ឈ្មោះ កុល សាម៉ៃ ទើបជនសង្ស័យឈប់ធ្វើសកម្មភាព ហើយគេចខ្លួនតែម្តង។
លោកបន្ថែមថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងយើងបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងនាំខ្លួនជនសង្ស័យ ឈ្មោះ កុល សាម៉ៃ មកធ្វើការសាកសួរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ កុល សាម៉ៃ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន ប៉ុន្តែរូបខ្លួនមិនបានយកម្ជុលចាក់ជនរងគ្រោះនោះទេ គ្រាន់តែប្រើហិង្សា ប៉ុនប៉ងរំលោភ ដោយឃើញក្មួយសុំអង្វរទើបឈប់ធ្វើសកម្មភាព។ កន្លងមក រូបខ្លួនធ្លាប់ប្រើប្រាស់សារធាតុញៀន ទើបនិងឈប់ប្រើ។
បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ សុភារះ