ខេត្តមណ្ឌលគិរី÷ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ រថយន្តវេអង១គ្រឿងដឹកអង្កាមបង្កប់ឈើពីក្រោម បានក្រឡាប់ចេញឈើនៅតាមចិញើមផ្លូវ និងបណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមដងផ្លូវ ត្រង់ចំណុចអូរងើយ តាមផ្លូវជាតិលេខ៧៦អា ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
រថយន្តដែលក្រឡាប់ខាងលើនោះម៉ាកវេអង ពាក់ស្លាកលេខ ស្វាយរៀង.3A-0854 ដឹកអង្កាមពីលើ ឈើនៅពីក្រោមចេញពីស្រុកកោះញែក ឆ្លងកាត់ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ពេលមកដល់ត្រង់ចំណុចកើតហេតុរថយន្តនេះបានចុះច្រាំងក៏ដាច់ហ្វ្រាំងជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ចេញសុទ្ធតែឈើ។
ប្រភពបានដឹងថា រថយន្ត១គ្រឿងនេះដឹកឈើគ្រឿងផ្ទះ ឈើថ្មីនៅពីក្រោម និងឈើចាស់នៅពីលើ ហើយដាក់អង្កាមពីលើឈើដើម្បីបិទបាំងភ្នែកមហាជន និងសមត្ថកិច្ច ដែលគេសង្ស័យថាមិនមានច្បាប់PCចេញពីជំនាញរដ្ឋបាលព្រៃឈើ។
ចំណែកអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ទៀតដែលរងរបួសធ្ងន់ក្នុងហេតុការណ៍នោះ ត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យខេត្ត។
បច្ចុប្បន្ន រថយន្ត និងឈើត្រូវបានមន្ត្រីបរិស្ថានរឹបអូសយកមករក្សាទុកដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ ដោយ គីរី