ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកសូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង ព្រមទាំងមន្ត្រីរាជការ បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាការពារភូមិអូរ និងបានធ្វើការប្រគល់ទទួល ប៉ុស្តិ៍ប្រជាការពារចំនួន០១ខ្នងដែលទើបសាងសង់រួច ស្ថិតនៅក្នុង ភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។


នៅក្នុងឱកាសនោះដែរលោក ក៏បានថ្លែងកោតសរសើរ និងនាំយកនូវសម្ភារៈ មួយចំនួនដូចជា កង្ហារ តុ កៅអី និងទឹកសុទ្ធ ដែលបានមកពីការជួយឧបត្ថម្ភ របស់ក្រុមការងារ ចុះជួយភូមិអូរ មកប្រគល់ជូនបន្ថែម ដើម្បីលើកទឹកចិត្ត ដល់បងប្អូនប្រជាការពារ ដែលតែងតែស្មគ្រ័ចិត្ត ចូលរួមសហការណ៍យ៉ាងសកម្ម ជាមួយ គណៈបញ្ជារការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង ក្នុងការរួមគ្នា រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានយើងផងដែរ ៕ដោយសេរី





