សៀមរាប៖រថយន្តនីសាន់ណាវ៉ារ៉ា បោះពួយក្នុងល្បឿនលឿនដោយមិនប្រកាន់ស្តាំ បានជ្រុលទៅបុកម៉ូតូចតចោលក្បែរជាយផ្លូវចំនួន២គ្រឿងបណ្តាលឲ្យស្លាប់មនុស្ស២នាក់និងរបួសធ្ងន់ចំនួន៣នាក់។
លោកវរសេនីយ៍ទោ តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២២នេះថា ករណីគ្រោះថ្នាក់ចរាចរកាលពីល្ងាចថ្ងៃទី០៥ត្រង់ចំណុចមុខតូបលក់ដូរឈ្មោះ ចិន រុំា ស្ថិតនៅក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែត្រ ២៦៥ និង ២៦៦លើផ្លូវជាតិលេខ ០៦ រវាងរថយន្ត និង ម៉ូតូឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត។លោកបន្តថា មានរថយន្តម៉ាក NISSAN NAVARA ផលិតឆ្នាំ2014 ពាក់ស្លាកលេខ ភ្នំពេញ 2X -9931 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ដឹកមនុស្ស ០១នាក់ មិនស្គាល់អត្តសញ្ញាណ របួសធ្ងន់បញ្ជូនមកពេទ្យខេត្ត។
លោកបន្តថា រថយន្តបង្កបានបុកម៉ូតូម៉ាក HONDA C125 អ្នកបើកបរឈ្មោះ ឃិន មុំភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិពាក់ស្ពា ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់)បានដឹកមនុស្ស០១នាក់ ឈ្មោះ លី ណាត ភេទស្រី អាយុ ៦០ឆ្នាំ ត្រូវជាម្តាយ(ស្លាប់) ឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត មនុស្សអង្គុយលើម៉ូតូ ហើយហួសទៅបុក ត្រូវដៃឈ្មោះ វឿន សុផាន់ណា ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប អង្គុយលើម៉តូម៉ាក SMASH ពាក់ស្លាកលេខភ្នំពេញ 1CG-1191ឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត។លោកបន្ថែមថា មូលហេតុអ្នកបើកបររថយន្តមិនប្រកាន់ស្តាំ និងម៉ូតូ០២គ្រឿងឈប់ក្បែរជាយផ្លូវ។ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ហើយវត្ថុតាងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តតាមនិតិវិធី៕ ដោយ ភក្តី