Saturday, November 23, 2024
Header Banner

ផ្អើលពេញរោងការដោយសារបងប្រុងខាងកូនក្រមុំ គប់កែវស្រាទៅលើឆាកតន្ត្រី ព្រោះចង់រាំបទ Remix

ខេត្តប៉ៃលិន៖ នៅវេលាម៉ោង១១យប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ មានហេតុការណ៍មួយបង្កការផ្អើលឆោឡោរត់ពេញពិធីជប់លាងមង្គលការមួយ ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនដោយសារបងប្រុសខាងកូនក្រមុំ បានទាញកែវស្រាគប់ទៅលើអ្នកចំរៀង ខណ:ពេលដែលភ្ញៀវប្រុសស្រី កំពុងតែហូបចុកយ៉ាងសប្បាយរីករាយ។

ប្រភពពីអ្នកចូលរួមកម្មវិធីបានឱ្យដឹងថា មុនពេលមានរឿងគេឃើញមានភ្ញៀវកិត្តិយសជាច្រើននាក់ចូលរួមពិសារភោជនីអាហារក្នុងពិធីអាពាហ៍ពិពាហ៍កូនក្រមុំរបស់លោក ម៉ុន ជាមន្រ្តីនៃមន្ទីរផែនការខេត្តប៉ៃលិន និងប្រពន្ធឈ្មោះ ចែ ថា ជាអាជីវករលក់សាច់គោក្នុងផ្សារ តែរហូតដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែបងប្រុសបង្កើតរបស់កូនក្រមុំបានទៅនិយាយជាមួយមេការក្រុមតន្ត្រី សុំឱ្យឈប់លេងភ្លេងផ្ទាល់ដៃ និងឈប់ច្រៀងសិន ព្រោះរូបគេចង់ប្តូរមកចាក់បទចម្រៀងរីមិច(Remix) ញាក់កន្ត្រាក់អារម្មណ៍រាំលេងសប្បាយជាមួយមិត្តភក្តិវិញ។

តែមេការមិនទាន់ឱ្យក្រុមតន្ត្រីឈប់លេង និងឈប់ច្រៀងភ្លាមៗទេ ទើបបងប្រុសខាងកូនក្រមុំទាញកែវស្រាកំពុងផឹកគប់ទៅលើអ្នកចម្រៀងកំពុងច្រៀងនៅលើឆាក បង្កអោយមានការផ្អើលភ័យខ្លាចដល់ក្រុមអ្នកចម្រៀង និងតន្ត្រីករ នាំរត់គេចប្រសាចពេញឆាក ។ តែមិនណ្តាលអោយមានអ្នករងរបួសទេ។

បើតាមការអោយដឹងពីមេការតន្ត្រីឈ្មោះ ម៉ៃ បានឱ្យដឹងថា នៅវេលាម៉ោង១១យប់ថ្ងៃទី០៦ ខែកុម្ភៈ ពេលឃើញភ្ញៀវកំពុងតែហូបអាហារ ក្រុមតន្ត្រីរបស់លោកបានបន្តច្រៀងបទរាំវង់ និងបទញាក់ខ្លះៗ ដើម្បីបង្កភាពសប្បាយរីករាយ ស្រាប់តែពោលនោះបងប្រុសរបស់កូនក្រមុំបានមកនិយាយនឹងខ្លួនថា រូបគេបានជួលអ្នកចាក់បទចម្រៀងរីមុិច (Remix) អស់៥០ដុល្លារ ដើម្បីយកមកចាក់រាំសប្បាយនៅក្នុងរោងការនេះដែរមុននឹងភ្ញៀវហូបអាហាររួចត្រឡប់ទៅផ្ទះ។

លោកបន្តទៀតថា បើចាក់បទបែបនោះនឹងគ្មានភ្ញៀវចាស់ៗណានៅបន្តរាំលេងបានទេ ព្រោះជាបទសម្រាប់ក្រុមក្មេងស្ទាវប៉ុណ្ណោះ ទើបខាងលោកមិនទាន់អនុញ្ញាត ក៏ស្រាប់តែបងប្រុសខាងកូនក្រមុំគប់កែវស្រាបង្កការភា្ញក់ផ្អើលតែម្ដង។

ដោយមានការសម្របសម្រួលពីនគរបាលនៃអធិការក្រុងប៉ៃលិន ទើបខាងលោកមេការឱ្យក្រុមតន្ត្រីបន្តច្រៀងកំដរភ្ញៀវរហូតដល់ម៉ោង១២យប់ រួចបិទផ្អាកតែម្តង។ ដោយ យ៉ាត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម