Saturday, November 23, 2024
Header Banner

យុវតីម្នាក់រួមគំនិតជាមួយសង្សារសម្លាប់ប្អូនប្រុសខ្លួនឯង ព្រោះខ្លាចបែកការខណៈឃើញពួកខ្លួនកំពុងប្រតិបត្តិការ

ខេត្តសៀមរាប៖ នៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាសង្សារមួយគូ ករណីរួមគំនិតនាំគ្នាស្លាប់ប្អូនខ្លួនឯងបំបិទមាត់ទាំងកំរោលរួចដោយចង់បង្វែរសាច់រឿងជាករណីចង.ក ព្រោះជនរងគ្រោះបានឃើញខ្លួនកំពុងរួមភេទជាមួយសង្សារ ដែលហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគមខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលជំនាញស្រុកនិងខេត្តសៀមរាប បានបើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ទី១. ឈ្មោះ ចិត្ត ភន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិរំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ជាចារី និងទី២. ឈ្មោះ ឡ.ល ភេទស្រី អាយុ១៧ឆ្នាំ រស់នៅឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាសហចារី។

សមត្ថកិច្ចបន្តថា ជនទាំងពីរនាក់បានប្រព្រឹត្តបទល្មើសករណីឃាតកម្ម កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបរិវេណផ្ទះជនរងគ្រោះស្ថិតនៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អង្គហេតុ នៅវេលម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ទទួលបានព័ត៌មានពីលោកមេភូមិបឹងវៀនថា មានករណីក្មេងប្រុសជាអនីតិជនរស់នៅក្នុងភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប បានស្លាប់នៅក្នុងអង្រឹង ហើយភ្លាមៗនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាយ៉ែក ចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យវិភាគទទួលបានលទ្ធផលដូចខាងក្រោម៖ សពឈ្មោះ ឡាយ ប៉ុនលេង ភេទប្រុស អាយុ ១១ឆ្នាំរស់នៅភូមិឃុំខាងលើ។ ស្លាកស្នាមនៅលើសាកសព៖ ស្នាមរឹតត្រង់ក ទំហំប៉ុនពីរធ្នាប់ដៃ ឆ្អឹងកងករបស់ជនរងគ្រោះត្រូវបានបាក់ រីឯដងខ្លួន និងដៃជើងសពពុំមានស្លាកស្នាមអ្វីនោះទេ។

សមត្ថកិច្ចបន្តថា ដោយមានការសង្ស័យថាជាប់ពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានស្នើសុំការសហការជាមួយកម្លាំងជំនាញ នៃការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឈានដល់បាននាំខ្លួនឈ្មោះ ឡ.ល ភេទស្រី អាយុ ១៧ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់សពមកធ្វើការសាកសួរ។ តាមការស្តាប់ចម្លើយឈ្មោះ ឡ ល បានសារភាពថា នៅថ្ងៃកើតហេតុ គឺខ្លួន និងប្អូនប្រុសជាជនរងគ្រោះនៅផ្ទះតែ២នាក់ ចំណែកឪពុកម្តាយទៅស្នាក់នៅធ្វើចំការនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ នៅម៉ោង ១៩:០០នាទី សង្សាខ្លួនឈ្មោះ ចិត្ត ភន បានផ្ញើសារតាមគណនីហេ្វសប៊ុកមកខ្លួនថា គេសុំមកលេងផ្ទះ ខ្លួនក៏យល់ព្រម។ លុះដល់វេលាម៉ោង២១:០០នាទី ឈ្មោះ ចិត្ត ភន ក៏បានទៅដល់ ហើយគេបានអោបថើប និងសុំខ្លួនរួមភេទ ខ្លួនក៏យល់ព្រម ហើយនាំគ្នាទៅរួមភេទនៅចំណុចរោងដាក់ឈើក្រោយផ្ទះ។ខណៈពេលកំពុងរួមភេទស្រាប់តែ ប្អូនប្រុសខ្លួនឈ្មោះ ឡាយ ប៉ុនលេង បានទៅទាន់ ហើយនិយាយថា គេនឹងយករឿងពួកខ្លួនខាងលើប្រាប់ទៅឪពុកម្តាយទាំងអស់។ ពេលនោះខ្លួន និងសង្សារក៏រួមគំនិតគ្នាសម្លាប់ជនរងគ្រោះបំបិទមាត់តែម្តង។ ដោយឈ្មោះ ចិតុ្ត ភន បានវាយទៅលើជនរងគ្រោះចំត្រង់ដងក ផ្នែកខាងក្រោយមួយដៃ បណ្តាលឲ្យដួលសន្លប់ផ្កាប់មុខទៅលើដី ហើយខ្លួនស្ទុះទៅចាប់ជើងជនរងគ្រោះទាំងសងខាង ហើយឈ្មោះ ចិត្ត ភន បានចាប់ផ្ងាសពហើយយកដៃទាំងពីរមួលបំបាក់កសពតែម្តង។ក្រោយធ្វើសកម្មភាពនេះរួច ឈ្មោះ ចិត្ត ភន ក៏បានឡើងជិះម៉ូតូគេចខ្លួនបាត់។តាមការស្តាប់ចម្លើយរបស់ឈ្មោះ ចិត្ត ភន បានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន ដោយខ្លួនជាអ្នកវាយ និងមួលបំបាក់កជនរងគ្រោះ រួចហើយក៏ឡើងជិះម៉ូតូទៅផ្ទះនៅភូមិសំរោងកញ្ជោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ លុះដល់វេលាម៉ោង១១និង៤០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកប្រទល់មុខជាមួយឈ្មោះ ឡ.ល ទើបដឹងថា ក្រោយធ្វើសកម្មភាពហើយបើកម៉ូតូគេចខ្លួន ឈ្មោះ ឡាយ សាលី បានយកខ្សែក្រវ៉ាត់ ទៅរឹតកសពបន្ថែម និងបានលើកសពទៅដាក់ក្នុងអង្រឹងលើផ្ទះ បន្ទាប់មកយកខ្សែក្រវ៉ាត់ខាងលើទៅចងភ្ជាប់នឹងខ្សែអង្រឹងដើម្បីបង្វែងដានថាជាករណីអត្តឃាតដោយចងកសម្លាប់ខ្លួន។

សមត្ថកិច្ចបញ្ជាក់ថា ដកហូតវត្ថុតាងមាន ខ្សែក្រវ៉ាត់ពណ៌ខ្មៅ១ និងខ្សែចងអង្រឹងពណ៌ខ្មៅ ១កំណាត់ប្រវែង ៩២ស.ម និងអង្រឹងប៉ារ៉ាចំនួន ១ ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទាំង២ទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ ហុង

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម