ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ ទាង អេង ទៀសីហា តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពីប្រគល់ជែលលាងដៃសរុបចំនួន ៥៥៤កេស ជូនដល់មន្ទីរអង្គភាពជុំវិញខេត្តចំនួន៤៦ និងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
ក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា ជាអនុប្រធានគណៈម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក នៃមន្ទីរអង្គភាពជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រមកម្ពុជាទាំងអស់ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌ នៅទូទាំងខេត្តសៀមរាប ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលនៅគ្រប់មន្ទីរពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ ក្នុងការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ហើយក៏បានចាត់ទុកក្រុមគ្រូពេទ្យ គឺជាវីរជនជួរមុខ ក្នុងការរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។
លោកជំទាវបន្តថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលគឺ ៣ការពារ ៣កុំ និង ជាពិសេស ជំរុញការចូលរួមចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញដល់ប្រជាពលរដ្ឋ បានធ្វើឱ្យស្ថានភាពមានភាពប្រសើរឡើងវិញជាបន្តបន្ទាប់ ដែលនេះជាការបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់អង្គភាព បានពួតដៃគ្នាយ៉ាងសកម្មក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ យ៉ាងផុលផុសបំផុតរហូតដល់ពេលនេះទើបយើងអាចជួបជុំគ្នាបាន។ តែទោះបីជាយ៉ាងនេះក្តី យើងទាំងអស់គ្នាត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាលបន្តទៀតអោយបានខ្ជាប់ខ្ជួន។
ដូច្នេះក្នុងឱកាសនេះ លោកជំទាវសូមសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា តាមទីកន្លែង ដែលបានកំណត់ជូនកុំបីខាន ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា និងត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ ៕ដោយ វាយោ