ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មានពិធីចុះហត្ថលេខាលើលិខិតប្ដូរសាររវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជានៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដើម្បីអនុវត្តគម្រោងចំនួន០២ មានតម្លៃប្រមាណ ៤១លានដុល្លារអាមេរិក។
នៅក្នុងពិធីចុះហត្ថលេខាខាងលើរដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជាចំនួន២គម្រោង ទី១.គាំទ្រអង្គភាពCMAC សម្រាប់គម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ មានថវិកាសរុបចំនួន ២.០០០លានយ៉េន ប្រមាណជាង ១៧លានដុល្លារអាមេរិក សម្រាប់រយៈពេល៤ឆ្នាំ (០១ មេសា ២០២២- ធ្នូ ២០២៥)។ គំរោងនេះត្រូវអនុវត្តកិច្ចប្រតិបត្តិការនៅទិសខេត្តបាត់ដំបង។ និងគម្រោងទី២.ជប៉ុនក៏បានជួយលើការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន ២,៧៨៦លានយ៉េន ឬស្មើនឹងប្រមាណ ២៤លានដុល្លារអាមេរិកផងដែរ។
ហិរញ្ញប្បទានឥតសំណងដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាង សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណង មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕ ដោយ ធារ៉ា