Saturday, November 23, 2024
Header Banner

កាន់តែទាក់ទាញ! ហ្វូងសត្វស្លាបជាច្រើនរយប្រភេទនៅតំបន់សហគមន៍ទេសចរបឹងពារាំងនឹងជួយពង្រីកសក្តានុពលទីនេះឲ្យក្លាយទៅជា តំបន់អេកូទេសចរណ៍ធម្មជាតិ

សៀមរាប ៖តំបន់សហគមន៍ទេសចរបឹងពារាំង ក្រៅតែពីមានទេសភាពស្រស់ស្អាតនៃព្រៃលិចទឹកដ៏ធំល្វឹងល្វើយ និងមានមេពូជត្រីជាច្រើនក្នុងបឹងទន្លេសាបហើយក៏ជាតំបន់មួយដែលមានប្រព័ន្ធជីវចម្រុះធម្មជាតិយ៉ាងសំបូរបែប ហើយ ជាពិសេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏អាចទស្សនាហ្វូងសត្វស្លាបជាង៣០០ប្រភេទផងដែរដោយសារទីនោះអំណោយផលដល់ពពួកសត្វស្លាប ផ្តល់ជាជម្រក និងចំណីផងដែរ។

តំបន់សហគមន៍ទេសចរបឹងពារាំងនេះ ជាកន្លែងសាកសមបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកសំរាកលម្ហែស្រូបយកខ្យល់អាកាសបរិសុទ្ធ និងអាចផ្តិតយករូបភាពសត្វស្លាបនិងធម្មជាតិស្រស់ស្អាតនៅតំបន់ទន្លេសាបដោយគ្រាន់តែធ្វើដំណើរមកពីទីរួមខេត្តសៀមរាប ឆ្ពោះទៅកាន់ភាគខាងត្បូងចម្ងាយជាង១០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប។

លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងបានឲ្យដឹងនៅថ្ងៃ០៣ខែមិនាឆ្នាំ២០២២នេះថា ក្រៅពីសកម្មភាពទប់ស្កាត់ ការពារបទល្មើសជលផល ការពារព្រៃលិចទឹក និងការពារហ្វូងសត្វស្លាបក្នុងតំបន់បឹងពារាំងនេះ សហគមន៍មានគោលដៅប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដោយសារតែនៅតំបន់នោះមានសក្តានុពលធម្មជាតិអំណោយផលស្រាប់ ។

បឹងពារាំងជាបឹងធម្មជាតិមួយ ដែលសម្បូរធនធានធម្មជាតិ ដូចជាមច្ឆាជាតិ សត្វស្លាប និងជីវៈចម្រុះ ដែលត្រូវបានថែរក្សាការពារយ៉ាងខ្លាំងពីសហគមន៍។លោកបន្ថែមថា សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង បច្ចុប្បន្ននេះត្រូវបានការអនុញ្ញាតពីអាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធ បានជីកស្តារដើម្បីឲ្យត្រីមេពូជនៅគង់វង់បានយូរអង្វែងសម្រាប់ទុកជាចំណីអាហារដល់ហ្វូងសត្វស្លាបជាច្រើន និងជាពិសេសកុំឲ្យត្រីមេពូជងាប់តទៅទៀត។

លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក៏បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី០៣ខែមិនា នេះថា លោកពិតជាសប្បាយចិត្តដែលបានឃើញរបាយការណ៍របស់សហគមន៍មកថា បច្ចុប្បន្ននេះមានសត្វស្លាបច្រើនបានហោះហើរមករកទីជម្រកនៅបឹងពារាំង។ លោកបន្តថា កន្លងទៅនៅខែប្រាំងទឹកបានគោករីង ធ្វើឲ្យត្រីមេពូជងាប់គួរឲ្យសោកស្តាយ។ដោយយល់ឃើញនូវតម្រូវការរបស់សត្វស្លាប នឹងដើម្បីរក្សាត្រីមេពូជក្រុមការងារបានស្នើទៅថ្នាក់លើ ដើម្បីជីកស្តារបឹងពារាំងនេះឡើងវិញ។លោកបន្ថែមថា ឆ្នាំនេះនិងឆ្នាំបន្តបន្ទាប់ទៅមុខទៀត លោករំពឹងថាត្រីមេពូជនឹងកកើតច្រើន និងមិនងាប់ទៀតទេ ព្រោះយើងមានក្រឡុកជ្រៅៗសម្រាប់ឲ្យត្រីមេពូជរស់នៅដោយសុវត្ថិភាព។

លោក វ៉ន សំបូរ ដែលជាអ្នកជំនាញថតរូបសត្វនៅតំបន់បឹងពារាំងនេះបានឲ្យដឹងថា កន្លងទៅទីនេះមានសត្វស្លាបជាង៣០០ប្រភេទ ហើយឆ្នាំនេះហ្វូងសត្វស្លាបដែលមានច្រើនជាងគេសម្រាប់ទស្សនា គឺប្រវឹកនិងននាលពណ៌ ។លោកបន្តថា នៅអំឡុងខែមេសាខាងមុខនេះ ពេលទឹកស្រកនឹងមានហ្វូងសត្វស្លាបជាច្រើនហើរមករកចំណី ហើយយើងអាចទស្សនានឹងថតផ្តិតយករូបភាពបានយ៉ាងស្អាតផងដែរ៕ ដោយ វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម