បាត់ដំបង ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១ និង ៣០នាទី បុគ្គលិកអង្គការអប់រំផ្លូវចិត្ត ហៅកាត់ថា TPO ម្នាក់ត្រូវបានបុរសកម្រោលចូលម្នាក់ប្រើពូថៅកាប់បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅនឹងកន្លែង ខណៈដែលកំពុងចុះធ្វើការនៅតាមភូមិ នៅចំណុចក្រុម១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយពេលទទួលពាក្យបណ្ដឹងរួចកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែបានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗ ឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ចំណែកជនរងគ្រោះឈ្មោះ ឡៅ លុន ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជាបុគ្គលិកអង្គការ TPO អង្គការអប់រំផ្លូវចិត្ត មានទីលំនៅក្រុម០៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានមួយបានបញ្ជាក់ថា កន្លងមកជនរងគ្រោះ ដែលជាបុគ្គលិកអង្គការ TPO ជាអង្គការអប់រំផ្លូវចិត្ត បានចុះទៅកាន់ផ្ទះជនល្មើស២លើករួចមកហើយ ក្នុងគោលបំណងធ្វើការអប់រំ ដោយសារតែគ្រួសារនេះមាមបញ្ហា មិនអោយកូនស្រីបានទៅសាលារៀនដូចក្មេងដទៃ។
ប្រភពដដែលបានបន្តថា បើទោះបីជាបុគ្គលិកអង្គការខំពន្យល់ ណែនាំ និងព្យាយាមអប់រំផ្លូវចិត្តយ៉ាងណាក៏ដោយក៏ជននេះនៅតែមានះមិនព្រមស្តាប់ដែរ។
លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះបានចូលទៅម្តងទៀត ប៉ុន្តែត្រូវបានជនល្មើសទាញពូថៅកាប់លើរាងកាយពេញខ្លួនរហូតស្លាប់នៅនឹងកន្លែង ដោយជនរងគ្រោះ រងរបួសត្រង់ ស្មងជើងខាងស្តាំ ១ កន្លែង សៀតផ្កាខាងស្តាំ ១ កន្លែង ចង្កា ១ កន្លែង ក.១ កន្លែង លើស្មាខាងស្ដាំ ២ កន្លែង ថ្ពាល់ខាងឆ្វេង ១ កន្លែង និង ក្បាលពីក្រោយចំហៀងខាងស្ដាំ ១ កន្លែង។
បច្ចុប្បន្ន បន្ទាប់ពីធ្វើការសាកសួរជនល្មើសរួច កំលាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ មករា