សៀមរាប៖កម្លាំងនគរបាលមូលដ្ឋាននៃស្រុកសូទ្រនិគមបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាប់ចិញ្ច្រាំទៅលើជនរងគ្រោះម្នាក់បណ្ដាលអោយរបួសធ្ងន់ ដោយសារខឹងនឹងជនរងគ្រោះចេះធ្មប់។ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង០០នាទីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២២ នៅចំណុចលើផ្លូវក្រួសក្រហម ក្នុងភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានឲ្យដឹងថា ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍តេង ច័ន្ទណាតស្នងការនគរបាលខេត្តនិងលោកឧត្តមសេនីយ៍ស្នងការរងទទួលផែនព្រហ្មទណ្ឌ ព្រមទាំងលោកស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចាត់ឲ្យលោកដឹកនាំកម្លាំងជំនាញនិងសហការជាមួយអធិការនគរបាលស្រុកសូទ្រនិគម ចុះទៅដល់កន្លែងកើតហេតុនិងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ាវ សាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើតនៅភូមិប៉ោយស្មាច់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និង ទីលំនៅបច្ចុប្បន្នរស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ពាក់ព័ន្ធករណី ប៉ុនប៉ងមនុស្សឃាតដោយចេតនា។
លោកបន្ថែមថា ជនរងគ្រោះ ឈ្មោះ ធឿន វ៉ាន ភេទស្រី អាយុ៥០ឆ្នាំ ទីលំនៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ជនរងគ្រោះបានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម តែដោយសាររបួសធ្ងន់ពេក ក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
លោកបញ្ជាក់ថា យោងតាមការបំភ្លឺរបស់សាក្សី ឈ្មោះ ផាត ផល្លី ភេទស្រី អាយុ៤៥ឆ្នាំ ទីលំនៅភូមិឃុំខាងលើ ដែលឃើញហេតុការណ៍ជាក់ស្ដែង បានប្រាប់ឲ្យអោយដឹងថា នៅពេលកើត ខ្លួនកំពុងតែអង្គុយនៅលើផ្ទះ រៀបចំគេង ស្រាប់តែលឺសម្លេងមានគេស្រែកហៅអោយជួយនៅមុខផ្ទះ រួចខ្លួនក៏ស្ទុះទៅមើល ក៏ឃើញជនរងគ្រោះដួលផ្កាប់មុខនឹងដី ហើយជនសង្ស័យកំពុងកាប់ពីលើចិញ្ច្រាំជាច្រើនកាំបិត ។ ភ្លាមៗនោះ ខ្លួនក៏ជួយស្រែកហៅគេឯងអោយជួយ បន្តិចក្រោយមកក៏មានអ្នកជិតខាងបួនប្រាំនាក់ និងកូនប្រុសរបស់ជនរងគ្រោះមកជួយឃាត់បំបែក និងរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។ ក្រុមគ្រួសារបានយកជនរងគ្រោះទៅមណ្ឌលសុខភាពឃុំតាយ៉ែក តែដោយសារស្ថានភាពរបួសធ្ងន់ពេក មណ្ឌលសុខភាពបានបញ្ជូនបន្តមកស្រុក និងទៅខេត្តទៀត។
លោកនាយការិយាល័យបានបន្ថែមទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៉ាវ សាន បានឆ្លើយសារភាពថា រូបគេពិតជាបានកាប់ចិញ្ច្រាំក្នុងគោលបំណងសម្លាប់ជនរងគ្រោះខាងលើប្រាកដមែន ដោយសារខឹងជនរងគ្រោះចេះធ្មប់។
បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ ភក្តី