ភ្នំពេញ ៖ កន្លងមក ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែ ស្តីពីវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវីរបស់មន្ត្រីរាជការក្រសួងមហាផ្ទៃ ដល់មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ឱ្យជ្រើសរើសយកការបំពេញមុខងារជាអ្នករាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈជាមេធាវី និងតម្រូវឱ្យសាមីខ្លួនធ្វើការជ្រើសរើសយកវិជ្ជាជីវៈតែមួយ ដោយត្រូវរៀបចំនីតិវិធី ដើម្បីស្ថិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈណាមួយ ឬសុំនៅក្រៅបញ្ជីនៃគណៈមេធាវី។
ក្នុងន័យនេះ ដើម្បីឱ្យការអនុវត្តសេចក្តីណែនាំខាងលើមានប្រសិទ្ធភាពខ្ពស់ សំដៅពង្រឹងការអនុវត្តច្បាប់ ពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ និងជៀសវាងមន្តី្ររាជការមានវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំបន្ថែម និងមានវិធានការចំពោះមន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃដូចខាងក្រោម៖
ទី១-បញ្ជូនបញ្ជីឈ្មោះមេធាវី ដែលស្ថិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជីនៃគណៈមេធាវីជូនគ្រប់អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះមន្ត្រីរាជការដែលប្រកបវិជ្ជាជីវៈជាមេធាវី ខណៈពេលកំពុងបំពេញមុខងារសាធារណៈ។
ទី២-ក្នុងករណីដែលមន្ត្រីរាជការចំណុះអង្គភាពរបស់ខ្លួនប្រកបវិជ្ជាជីវៈជាមេធាវី និងពុំមានឈ្មោះ ក្នុងបញ្ជីឈ្មោះមេធាវីដែលស្ថិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជី នៃគណៈមេធាវីទេ ប្រធានអង្គភាព ត្រូវណែនាំសាមីខ្លួនឱ្យប្រញាប់រួសរាន់សម្រេចជ្រើសរើសយកវិជ្ជាជីវៈតែមួយ ដោយទុក រយៈពេល ០៣ខែ គិតពីថ្ងៃចេញសេចក្ដីណែនាំនេះ។ បើសាមីខ្លួននៅតែពុំជ្រើសរើសយកវិជ្ជាជីវៈតែមួយនោះទេ ប្រធានអង្គភាពត្រូវរាយការណ៍ជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ដើម្បីក្រសួងចាត់វិធានការដោយលុបឈ្មោះចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ៕