សៀមរាប៖ កាលពីថ្ងៃទី០៣ខែមិនាឆ្នាំ២០២២ លោកវរសេនីយ៍ត្រី សុខ ភិរម្យ នាយរងការិយាល័យ បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងកាយយកអាចម៍ដី ០១ កន្លែង មានអាជ្ញាបណ្ណចល័ត តែគ្មានច្បាប់ស្តីពី កិច្ចសន្យាការពារបរិស្ថានរបស់មន្ទីរបរិស្ថានខេត្ត។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានធ្វើការឃាត់គ្រឿងចក្រមួយចំនួនរួមមាន អេស្កាវ៉ាទ័រ ០១គ្រឿង, រថយន្តដឹកអេស្កាវ៉ាទ័រ ០១គ្រឿង, រថយន្តដឹកដីចំនួន ០៤គ្រឿង ដែលម្ចាស់អាជីវកម្មខាងលើមានឈ្មោះ ស៊ាន សុម៉ៃ ភេទប្រុស អាយុ ២៣ឆ្នាំ ស្ថិតនៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចមានចំណាត់ការបានធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដោយអោយម្ចាស់អាជីវកម្មទៅដាក់ពាក្យស្នើសុំច្បាប់ស្តីពីកិច្ចសន្យាការពារបរិស្ថានពីមន្ទីរបរិស្ថានខេត្តសិន ទើបអាចធ្វើអាជីវកម្មឡើងវិញបាន និងបានអប់រំណែនាំដល់ម្ចាស់អាជីវកម្មត្រូវធ្វើឱ្យបានត្រឹមត្រូវទៅតាមលក្ខណ:បច្ចេកទេសនៃបទប្បញ្ញតិច្បាប់ដែលបានកំណត់ ៕ ដោយ វាយោ