ភ្នំពេញ÷ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងបានបើកចំហរ និងស្វាគមន៍យុវជនដែលមកពីគណបក្សនយោបាយនានា ដែលមានបំណងនិងឆន្ទៈចង់ចូលរួមចំណែកក្នុងការកសាងជាតិជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមដៃថែរក្សាសុខសន្តិភាព ក្នុងធ្លុងសាមគ្គីជាតិ ប្រកបដោយភាពសុខដុមរមនា និងបន្តអភិវឌ្ឍជាតិ ស្របតាមបំណងប្រាថ្នារបស់ប្រជាជនខ្មែរគ្រប់ៗរូប។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកណ្តាល នៅទីស្នាក់ការគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា បានបើកឱកាសដល់យុវជន ដោយបានប្រគល់ភារកិច្ច និងការទទួលខុសត្រូវក្នុងការចូលរួមបម្រើជាតិមាតុភូមិ ដើម្បីបង្កើតនូវសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត។ នេះគឺជាអភិក្រមដែលនាំទៅដល់ការកសាងមូលដ្ឋានបន្តវេនរឹងមាំ ធានាបាននូវនិរន្តភាពរបស់គណបក្ស ក៏ដូចជាភាពសុខសាន្ត សុភមង្គល និងការអភិវឌ្ឍរីកចម្រើនជូនប្រជាជន៕