ត្បូងឃ្មុំ៖ជួបជាមួយកសិករសង្កាត់/ក្រុងសួង ខេត្តត្បូងឃ្មុំ មានទឹកមុខសប្បាយរីករាយដោយសារចាប់ប្រមូលផលផ្លែម៉ាក់ព្រេង ម៉ាក់ប្រាង នាឆ្នាំនេះទទួលផលល្អជាងឆ្នាំទៅ តែតម្លៃថោកជាងឆ្នាំទៅបន្តិច ។
ទោះជាយ៉ាងណា ផលនេះ ក៏វាអាចជួយទុបសេដ្ឋកិច្ចគ្រួសារបានមួយកំរិតផងដែរ បន្ទាប់ពីការធ្វើស្រែ ចំការ ការចិញ្ចឹមសត្វ និងលក់ចាប់ហួយ ដែលមានលក្ខណៈជាគ្រួសារនោះ ។
រុក្ខជាតិដ៏កម្រនេះ (ម៉ាក់ព្រេង ម៉ាក់ប្រាង) ដែលបន្សល់ទុកកេរ្តិ៍ពីជីដូន ជីតា មាតា បិតា ផ្តល់ជាទាយាទ សម្រាប់កូនចៅជំនាន់ក្រោយ ដែលមានដាំជាលក្ខណៈគ្រួសារស្ទើរគ្រប់ខ្នងផ្ទះ ទុកគ្រាន់ហូប នឹងលក់ផងដែរ ។ យើងអាចហូបកែកំសាន្ត យ៉ាងស្រស់មាត់ ប្រកបដោយគុណភាព ជូរ ជូរអែម ផ្អែម និងគ្មានគីមីទៀតផង ។
លោកស្រី ស៊ាម ចិន្តា អាយុ២៩ឆ្នាំ បានឲ្យដឹងថា ដីភូមិគាត់មានដើមម៉ាក់ព្រេងចំនួន ៥ដើមដែរ វាឲ្យផលក្នុង១ដើមចន្លោះពី ៥០គីឡូ ទៅ២០០គីឡូក្រាម លក់បានតម្លៃពី៥ពាន់រៀលទៅ១ម៉ឺនរៀល អាចរកចំណូលបានក្នុងមួយឆ្នាំ មិនក្រោម៤លានរៀលនោះទេ ។
ម៉ាក់ព្រេង មានរសជាតិជូរ ជូរអែម ចំណែកម៉ាក់ប្រាងវិញមានរសជាតិផ្អែមឆ្ងាញ់ពិសារតែម្តង គេទិញយកទៅហូប ដោយចិត្តឆូត ក្រឡុកជាមួយស្ករ និង អំបិល យ៉ាងឆ្ងាញ់ពិសារណាស់ ផ្លែវាមានពណ៌លឿងទុំ ដូចពណ៌មាស ខ្លះរាងមូល ខ្លះមូលទ្រវែង គួរឲ្យគយគន់ និងចង់ហូបយ៉ាងក្រៃលែង ។
ចំពោះទីផ្សារវិញមិនពិបាកលក់ទេ លក់រាយ និងបោះដុំ តាមចិត្តចង់ ស្រួលលក់ ដោយសារវាមិនមានចំការ មានដាំទុកហូបជាលក្ខណៈតែប៉ុណ្ណោះ ហើយការដាំដោយប្រើរយៈយូរឆ្នាំទើបទទូលផលចាប់ពី៧ទៅ១០ឆ្នាំឯណោះ ដូច្នេះកសិករមិននិយមដាំទេ ។
លោកស្រី ឈួន ណៃសេង រស់នៅភូមិ/ក្រុងសួង បានឲ្យដឹងដែរថា គាត់ជាឈ្មួញកណ្តាល អ្នកដើរម៉ៅទិញ ម៉ាក់ព្រេង ម៉ាក់ប្រាង តាមភូមិមួយចំនួនក្នុងឃុំរកាពរប្រាំ និងសង្កាត់/ក្រុងសួង ភូមិដែលដាំច្រើនមានភូមិធ្លក និងភូមិបាកិល ស្ថិតក្នុងសង្កាត់សួង ដែលក្នុងមួយរដូវមិនក្រោម២០តោននោះទេ ក្នុងតម្លៃចន្លោះពី២ពាន់រៀល ទៅ៨ពាន់រៀល ទៅតាមរសជាតិរបស់វា ហើយក្នុង១គីឡូក្រាមអាចចំណេញពី៥រយរៀលទៅ១ពាន់រៀល អាចរកចំណូលបានក្នុងមួយរដូវពី៦លានរៀលទៅ៨លានរៀលដែរ ។
ផ្លែវាល្អ បេះមកមានម៉្សៅ អាចទុកបាន៥ថ្ងៃ តែបើជាំ និងត្រូវទឹក ឆាប់ខូចទុកបានតែមួយថ្ងៃទេ ។ ចំពោះទីផ្សារ ម៉ូយច្រើនយកទៅលក់នៅក្រុងភ្នំពេញ ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី គេទិញយកទៅហូប អាចដាក់ក្នុងពិធីបុណ្យផ្សេង និងពិធីហែរជំនួនការជាដើម៕