ខេត្តរតនគិរី៖ រយៈពេល២ថ្ងៃ គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ គយសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ខេត្តរតនគិរីបានចុះរឹបអូសរថយន្តស៊េរីទំនើបចំនួន២គ្រឿង យកមករក្សាទុកនៅក្នុងក្រុងបានលុង ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។
នៅលើហ្វេសប៊ុកផេករបស់កងរាជអាវុធហត្ថខេត្តរតនគីរី បានសរសេរថា កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន២នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយកម្លាំងជំនាញគយរដ្ឋករ សាខាខេត្តរតនគិរី បានឃាត់រថយន្តចំនួន២គ្រឿងរួមមាន៖ ១- រថយន្តម៉ាកឡិចសុីស330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0482 សង្ស័យថាគ្មានពន្ធនាំចូល ឃាត់នៅចំណុចជិតមន្ទីរវប្បធម៌ខេត្ត ក្នុងក្រុងបានលុង។និង២- រថយន្តម៉ាកឡិចស៊ីស400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-1806 សង្ស័យថាគ្មានពន្ធនាំចូល ឃាត់នៅចំណុចភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
ជុំវិញបញ្ហាគយឃាត់ចាប់រថយន្តស៊េរីទំនើបពីរគ្រឿងខាងលើនេះ លោកថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានបញ្ជាក់តាមទូរសព្ទក្រុមការងារព័ត៌មានយើងឲ្យដឹងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ថា ខាងគយគេសុំសហការជាមួយកម្លាំងប៉េអឹមខេត្តអញ្ចឹងសួរទៅខាងគយទៅ។
រីឯលោក ហាល ទូច ប្រធានស្នាក់ការគយនិងរដ្ឋាករខេត្តរតនគីរីបានទេ នៅរសៀលថ្ងៃទី៦ខែមីនាឆ្នាំ២០២២ មិនអាចសុំការពន្យល់បានទេដោយសារទូរសព្ទរបស់លោកចុចចូលកំពុងជាប់រវល់។
បច្ចុប្បន្ន រថយន្ត ទាំង២គ្រឿង ត្រូវបានរក្សាទុកនៅសាខាគយនិង រដ្ឋាករ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕ ដោយ គិរី