សៀមរាប៖ កាលពីយប់ថ្ងៃទី១៦ខែមិនាឆ្នាំ២០២២ រថយន្តយីឌុបខ្នាតយក្សមួយគ្រឿងដឹកអង្កាមពីលើឈើពីក្រោម ត្រូវកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវ សហការគ្នាបង្ក្រាបបាននៅត្រង់ចំណុចផ្លូវជាតិលេខ ៦៦ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៧នេះថា កម្លាំងរដ្ឋបាលព្រៃឈើខ្វាវ សង្កាត់រដ្ឋបាលព្រៃឈើជីក្រែង និងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានសហការគ្នាធ្វើការឃាត់រថយន្ត០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ កាច់ចង្កេះ(v១)ពាក់ស្លាកលេខកំពង់ធំ ៣AO-0232 ដឹកឈើអារប្រភេទលេខ ១ (ឈ្លីក)ចំនួន ២០៤ដុំស្មើនឹង ២០ ម៉ែត្រ។
លោកម៉ុង ប៊ុនលីម បានបញ្ជាក់ថា រថយន្តដឹកឈើដែលបង្កប់អង្កាមពីលើនេះសមត្ថកិច្ចពិបាកក្នុងការបង្ក្រាបយ៉ាងខ្លាំង ប៉ុន្តែ,ពេលនេះកម្លាំងជំនាញបានចាប់បានហើយ កាលពីម្សិលមិញថ្ងៃទី១៦មីនា នៅទីតាំងខាងលើ នៅពេលក្រុមការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ធ្វើការហៅរថយន្តអោយឈប់ នៅពេលនោះតៃកុងរថយន្តបានបើក ទ្វាររថយន្តរត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញបាននាំយករថយន្តដែល ផ្ទុកវត្ថុតាងបទល្មើសនោះមករក្សាទុកនៅទីស្នាក់ការផ្នែក រដ្ឋបាលព្រៃឈើជីក្រែង នៅភូមិកកោះ ឃុំគោក ធ្លកក្រោយ ស្រុកជីក្រែង ហើយនឹងបានធ្វើការវាស់វែង។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២២ កន្លងទៅថ្មីៗនេះរដ្ឋបាលខេត្តសៀមរាប បានប្រារព្វពិធីប្រជុំសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃអង្គប្រជុំបានជំរុញឲ្យមន្ត្រីរដ្ឋបាលព្រៃឈើបង្កើនការចុះបង្ក្រាបបទល្មើសឲ្យបានល្អប្រសើរ ដើម្បីឲ្យព្រៃឈើនៅគង់វង្សបានយូរអង្វែង៕ ដោយភក្តី