Saturday, November 23, 2024
Header Banner

សាហាវណាស់!!! បើករថយន្តត្រឡប់ក្រោយកិនជនរងគ្រោះសម្លាប់បន្ទាប់ពីបើកបុកចំពីក្រោយខ្ទាតជាង១០ម៉ែត្រ បណ្តាលឲ្យដួលនៅលើដងផ្លូវ

សៀមរាប៖ កាលពីម៉ោង២៣:៤០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយក្នុងហេតុការណ៍នោះគេឃើញជនសង្ស័យម្នាក់បើករថយន្តត្រឡប់ក្រោយកិនជនរងគ្រោះសម្លាប់បន្ទាប់ពីបើកបុកចំពីក្រោយខ្ទាតជាង១០ម៉ែត្រ បណ្តាលឲ្យដួលនៅលើដងផ្លូវ ត្រង់ចំណុចខាងលិចស្ពានវត្តកុងម៉ុច ឬស្ពានប៊ីឡាញ ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលប្រព្រឹត្តអំពើល្មើសករណីឃាតកម្មក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ ឈ្មោះ អុឹង គីមហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ លក់ដូរ កើតនៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកសពជនរងគ្រោះ ឈ្មោះ ហឿន លន់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសាក្សីដែលបានឃើញហេតុការណ៍ឈ្មោះ ឈាន ស្រីលីន ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ ម៉ាស្សា និងឈ្មោះ ពេស ដាលីន ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ ម៉ាស្សា បានបញ្ជាក់ប្រហាក់ប្រហែលគ្នាថា នៅវេលាម៉ោង២៣:៤០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ពួកខ្លួនទាំងពីរនាក់កំពុងអង្គុយធ្វើការនៅកន្លែងម៉ាស្សាទល់មុខទីតាំងកន្លែងកើតហេតុ ស្រាប់តែមានរថយន្តធុនធំប្រភេទដឹកទំនិញ ១គ្រឿង បើកក្នុងទិសដៅពីលិច ទៅកើត បានស៊ីញ៉ូអែបកៀនទៅខាងស្តាំដៃ ឈប់នៅខាងលិចហាងម៉ាស្សាពួកខ្លួនប្រហែល ៨ម៉ែត្រ ហើយមនុស្សប្រុសជាអ្នកបើកបរបានចុះពីលើរថយន្ត ស្រាប់តែមានរថយន្ត ១គ្រឿងទៀត បើកក្នុងល្បឿនលឿន ទៅបុកមនុស្សប្រុសខាងលើ ចំពីក្រោយបណ្តាលឲ្យខ្ទាតប្រហែល ១០ម៉ែត្រ ទៅកណ្តាលទ្រូងថ្នល់ប៉េតុង ចំណែករថយន្តបង្កបានបន្តដំណើទៅមុខ តែត្រូវឈ្មោះ ឈាន ចរន្ត ភេទប្រុស ជាថៅកែម៉ាស្សាពួកខ្លួនបានស្រែក និងបក់ដៃហៅ ទើបជនបង្កបានបើករថយន្តត្រឡប់ក្រោយវិញ ហើយទម្លាក់កញ្ចក់ចុះ តែមិនពន្លត់ម៉ាស៊ីននោះទេ ហើយស្រែកតបមកពួកខ្លួនថា “គេមិនបានខុសអីទេ” បន្ទាប់មកក៏បើករថយន្តទៅកិនលើជនរងគ្រោះចំពាក់កណ្តាលខ្លួនបន្ថែមទៀត ហើយបើកគេចខ្លួនទៅទិសខាងលិចបាត់។

តាមការពិនិត្យលើរូបថត និងវីដេអូ ដែលសាក្សីទាំងពីរនាក់ខាងលើបានថតតាមរយ:ទូរស័ព្ទដៃ រថយន្តបង្កគឺម៉ាក FORD RANGER ពណ៌ប្រផះ ពាក់ស្លាកលេខៈ សៀមរាប 2B 9699។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យបានហើយនៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបង្កឈ្មោះ អុឹង​ គីមហុង និងបានធ្វើសួរនាំ ហើយជនសង្ស័យបានឆ្លើយសារភាពថា កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ រូបខ្លួន និងមិត្តភក្កម្នាក់ទៀតឈ្មោះ ស្រ៊ុន (មិនស្គាល់ត្រកូល) ភេទប្រុស បានចូលទៅផឹកស៊ីនៅហាងមួយមិនចាំយីហោ ស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប លុះដល់ម៉ោង ២៣:១០នាទី ដោយពួកខ្ញុំស្រវឹងរៀងៗខ្លួនក៏បានឈប់ផឹក ហើយរូបខ្លួនបានឡើងបើករថយន្តផ្ទាល់ខ្លួនតែម្នាក់ឯងមានម៉ាក FORD RANGER ចង្កូតឆ្វេង សេរីឆ្នាំ២០១៧ ពណ៌ប្រផេះ ពាក់ស្លាកលេខ សៀមរាប 2B 9699 ឡើងចេញមកផ្លូវក្រវ៉ាតក្រុងដល់កន្លែងកើតហេតុ ស្រាប់តែជួបជាមួយរថយន្តប្រភេទដឹកទំនិញ ១គ្រឿង ម៉ាក HYUNDAI ពណ៌ ស (មិនចាំស្លាកលេខ) បានស៊ីញ៉ូអែបកៀននៅលើចិញ្ចើមផ្លូវខាងស្តាំដៃ ដែលមនុស្សប្រុសម្នាក់ជាអ្នកបើកបរបានចុះពីលើរថយន្តនោះភ្លាម ធ្វើឲ្យរូបខ្លួនចាប់ហ្វាំ្រងមិនទាន់ក៏បើកទៅបុកកោសរថយន្តខាងលើ និងបន្តបុកបុរស ជាអ្នកបើកបរនោះពីក្រោយមួយទំហឹង បណ្តាលឲ្យបុរសនោះខ្ទាតទៅខាងមុខចម្ងាយប្រហែល ៣ ទៅ ៥ម៉ែត្រ ដួលសន្លប់នៅផ្លូវប៉េតុង រថយន្តក៏បន្តល្បឿនទៅមុខប្រហែល ៥០ ទៅ ៦០ម៉ែត្រ ហើយខ្លួនក៏បត់មកក្រោយវិញ ក្នុងគោលចំណងមកជួយសង្គ្រោះជនរងគ្រោះ តែដោយសារខ្លួនមានអារម្មណ៍ភ័យស្លន់ស្លោ ណាមួយនៅកន្លែងកើតហេតុជាទីងងឹត ទើបខ្លួនមើលមិនឃើញជនរងគ្រោះ ហើយបើកទៅបុកប៉ះលើជនរងគ្រោះបន្ថែមទៀតទាំងមិនដឹងខ្លួន ក្នុងនោះខ្លួនទំលាក់កញ្ចក់រថយន្តចុះ តែមិនបានពន្លត់ម៉ាស៊ីនរថយន្តទេ ហើយតបទៅមនុស្ស ប្រុស-ស្រីនៅទីនោះថា “ខ្ញុំមិនបានខុសអីទេ គឺជនរងគ្រោះជាអ្នកដើរមកចូលឡានខ្ញុំដោយខ្លួនឯង” បន្ទាប់មកក៏បើករថយន្តចេញពីកន្លែងកើតតហេតុព្រោះភ័យខ្លាចប្រជាលរដ្ឋនៅទីនោះប្រើហិង្សាមកលើរូបខ្លួន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបន្តនីតិវិធី៕ដោយភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម