ខេត្តព្រះវិហារ៖ ឈើហ៊ុបមូលចំនួន២០ដុំ និងឈើអារមួយចំនួនទៀត ដែលក្រុមឈ្មួញដឹកចេញពីព្រៃយកទៅលាក់ទុកតាមផ្ទះប្រជាពលរដ្ឋ ត្រូវបានលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ដឹកនាំសហការជាមួយកម្លាំងចម្រុះធ្វើការបង្ក្រាបនិងរឹបអូសនៅរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២២ ត្រង់ចំណុចភូមិពោធិទៀប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។
នាយផ្នែករដ្ឋបាលព្រៃឈើឆែបបានអោយដឹងថា បន្ទាប់ពីទទួលបានការរាយការណ៍ថាមានករណីដូចខាងលើ ភ្លាមនោះ លោកបានសុំគោលការណ៍ពីលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្តព្រះវិហារ ដើម្បីដឹកនាំកម្លាំងដើម្បីចុះបង្រ្កាប។ លោក សេង លាង បានប្រាប់ទៀតថា ក្រុមឈ្មួញរកសុីដឹកជញ្ជូនឈើខុសច្បាប់ មានល្បិចកលខ្ពស់ណាស់ ដឹកឈើចេញពីព្រៃយកមកទុកតាមផ្ទះប្រជាពលរដ្ឋ ហើយរកឱកាសល្អដេីម្បីដឹកបន្តទៅខេត្តផ្សេងៗ និងខ្លះទៀតធ្វេីល្បិចដើរប្រមូលទិញឈើយកទៅធ្វើផ្ទះទុកចោល (ផ្ទះគ្រោង) មិនតែប៉ុន្នោះក្រុមឈ្នួញយកឈើទៅត្រាំទឹក ឬ លាបសុីម៉ង់ ដេីម្បីយកលេសថាជាឈេីផ្ទះចាស់ដេីម្បីបន្លំភ្នែកសមត្ថកិច្ច តែទោះបីជាយ៉ាងណាក៍ដោយ នៅតែមិនអាចគេចពីរអន្ទាក់សមត្ថកិច្ចជំនាញបានដែរ។
ចាប់តាំងពីដេីមខែមីនាដល់ខែមេសានេះ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើឆែប ក្រោមការចង្អុលបង្ហាញពីលោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈេីឆែប បានបង្រ្កាបបទល្មើសព្រៃឈើបានជាបន្តបន្ទាប់។
ចំណែកវត្ថុតាងឈើហ៊ុបមូលចំនួន២០ដុំរួមទាំងឈើអារមួយចំនួនទៀត ត្រូវបានជំនាញដឹកជញ្ជូនយកមករក្សាទុកនៅថ្នាលបណ្ដុះបណ្ដោលកូនឈើផ្នែកឆែប ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕ ដោយវាយោ