ពោធិសាត់៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលបាត់ និងពេលវេលាដែលក្រុមចោរចូលធ្វើសកម្មភាពបន្ទាប់ពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវលើករណីចោរលួចចូលគាស់ទូដែកក្នុងក្រុមហ៊ុនរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ។ទឹកប្រាក់ដែលបាត់មានចំនួន ៩៨១,០០០ដុល្លារសហរដ្ឋអាមេរិក នៅសល់លុយខ្មែរ ៩,៧៩១,៥០០រៀល។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរបានធ្វើសកម្មភាពនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់គណនេយ្យ ក្នុងរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ដែលស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យមានគ្នាចំនួន០៤នាក់ឡើងទៅ (មិនស្គាល់អត្តសញ្ញាណ) ។
គួររំលឹកថា ករណីក្រុមចោរបានចូលគាស់ទូដែកយកប្រាក់ក្នុងក្រុមហ៊ុនរោងចក្រកាត់ដេសម្លៀកបំពាក់ តៃអ៊ីហ្ស៊ី អស់ប្រហែល១លានដុល្លារខាងលើ ហើយនាំគ្នាគេចខ្លួនបាត់អស់ គឺបានកើតឡើងនិងបង្កការភ្ញាក់ផ្អើលកាលពីព្រឹកម្សិលមិញថ្ងៃទី១០ ខែឧសភា នេះ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ទោះបីយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើងស្រាវជ្រាវស៊ើបអង្កេតលើករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការកណត់និងចាប់ខ្លួនក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ដោយ ភក្តី