សៀមរាប៖នៅវេលាម៉ោង១៧ និង១០ នាទីថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ មានហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយខណៈពេលមេឃកំពុងរកកលនឹងភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់ដើមឈើដ៏ធំ១ដើមសង្កត់រថយន្តដឹកភ្ញៀវទេសចរមួយគ្រឿងដែលក្នុងនោះមានមនុស្សចំនួន ៦ នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចប្រាសាទប្រែរូប ស្ថិតក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។
បើតាមលោកវរសេនីយ៍ទោ ដាចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា មានករណីបាក់ដើមសង្កត់រថយន្តទេសចរណ៍ខាងលើ ដើមក្រឡាញ់មួយដើមធំ បានបាក់សង្កត់ពីលើរថយន្ត ០១គ្រឿងម៉ាក Hyundai H1 ពាក់ផ្លាកលេខសៀមរាប 2B-0061 ពណ៌ខ្មៅ ប្រភេទ១២កៅអី ចំនួន ០១គ្រឿង បើកបរដោយឈ្មោះ សោម ចាន់ថា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកបន្តថា នៅក្នុងឡានមានភ្ញៀវទេសចរជិះនៅក្នុងរថយន្តសរុបចំនួន០៦នាក់ ភ្ញៀវទេសចរណ៍ជនជាតិអាមេរិកាំងស្រី៤នាក់ ស្នាក់នៅសណ្ឋាគារអាម៉ាន់សារ៉ា និងជនជាតិខ្មែរប្រុស២នាក់ (ម្នាក់ជាអ្នកបើកបរ និងម្នាក់ទៀតជាមគ្គទេសក៍ទេសចរណ៍)។
លោកបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះពិតជាសំណាងខ្លាំងណាស់ព្រោះគ្មាននរណាម្នាក់គ្រោះថ្នាក់ឡើយ តែរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកាត់ដើមឈើដើម្បីយករថយន្តនោះចេញពីផ្លូវ ហើយភ្ញៀវក៏ត្រូវបានដឹកទៅសណ្ឋាគារដោយសុវត្ថិភាពផងដែរ៕ ដោយភក្តី