អន្តរជាតិ៖យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ប្រទេសអ្នកមានចំនួន៧៦ឥឡូវនេះបានប្តេជ្ញាចូលរួមផែនការបែងចែកវ៉ាក់សាំងកូវីដជាសកលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ដែលមានគោលបំណងជួយទិញនិងចែកចាយឲ្យបានត្រឹមត្រូវ។ លោក Seth Berkley នាយកប្រតិបត្តិនៃសម្ព័ន្ធភាពវ៉ាក់សាំង GAVI បាននិយាយថា ផែនការសម្របសម្រួលដែលត្រូវបានគេស្គាល់ថា COVAX ឥឡូវនេះមានប្រទេសជប៉ុន អាល្លឺម៉ង់ ន័រវែសនិងប្រទេសជាង៧០ផ្សេងទៀតបានចុះហត្ថលេខាដោយយល់ព្រមជាគោលការណ៍ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩សម្រាប់ប្រជាជនរបស់ពួកគេ។ លោក Berkley បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយថា “ឥឡូវនេះ យើងមានប្រទេសមានប្រាក់ចំណូលមធ្យមនិងខ្ពស់ចំនួន៧៦ដែលបានបញ្ជាក់អំពីចេតនាចូលរួមហើយយើងរំពឹងថាចំនួននឹងកើនឡើងជាបន្តទៀត”។ លោកបាននិយាយថា “នេះគឺជាដំណឹងល្អ។ វាបង្ហាញថា COVAX បានបើកចំហសម្រាប់អាជីវកម្មហើយកំពុងទាក់ទាញចំណាប់អារម្មណ៍នៅទូទាំងពិភពលោក”។ លោកបន្តថា អ្នកសម្របសម្រួល COVAX កំពុងពិភាក្សាជាមួយប្រទេសចិនថាតើពួកគេអាចចូលរួមបានដែរឬទេ? COVAX ត្រូវបានដឹកនាំដោយ GAVI, WHO និងសម្ព័ន្ធភាពសម្រាប់ការច្នៃប្រឌិតត្រៀមបង្ការការរីករាលដាលនៃជំងឺរាតត្បាត (CEPI) ហើយត្រូវបានបង្កើតឡើងដើម្បីជំរុញឲ្យរដ្ឋាភិបាលថ្នាក់ជាតិកុំស្តុកទុកវ៉ាក់សាំងកូវីដនិងផ្តោតលើការចាក់វ៉ាក់សាំងដំបូងចំពោះមនុស្សដែលមានហានិភ័យខ្ពស់បំផុតនៅក្នុងប្រទេសនីមួយៗ។ បណ្តាប្រទេសមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលចូលរួមជាមួយ COVAX នឹងផ្តល់ហិរញ្ញប្បទានពីថវិកាជាតិរបស់ពួកគេដល់ការទិញវ៉ាក់សាំងហើយនឹងធ្វើជាដៃគូជាមួយប្រទេសក្រីក្រចំនួន៩២ដែលត្រូវបានគាំទ្រតាមរយៈការបរិច្ចាគដោយស្ម័គ្រចិត្តទៅនឹងផែនការនេះដើម្បីធានាថាវ៉ាក់សាំងត្រូវបានចែកចាយប្រកបដោយសមធម៌៕