សៀមរាប៖បើតាមរបាយការណ៍បានឲ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ បានបំរើសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព ដល់កុមារកម្ពុជាប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ អស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយ និងមានផ្តល់សេវាសុខភាពជាច្រើនដែលរួមបញ្ចូលទាំងសេវាពិនិត្យពិគ្រោះជំងឺទូទៅ និង ការពិនិត្យព្យាបាលដោយឯកទេស ដូចជាជំងឺមហារីក ជំងឺទារកទើបកើត និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារអង្គរ ក៏មានកម្មវិធីបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់អ្នកជំនាញផ្នែកសុខាភិបាល និងកម្មវិធីអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ផងដែរ។
ដើម្បីធានានូវនិរន្តរភាពបេសកកម្មនៃការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំ សុខភាពទំាងអស់ខាងលើនេះ មន្ទីរពេទ្យកុមារអង្គរ នឹងចាប់ផ្តើមអនុវត្តការបង់ “ភាគទានអ្នកជំងឺ” លើថ្លៃសេវាសុខភាពនៅក្នុងមន្ទីរពេទ្យ ចាប់ពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ។ សម្រាប់អ្នកដែលមានលទ្ធភាពក្នុងការបង់ភាគទាន មន្ទីរពេទ្យតម្រូវឱ្យមានការបង់ភាគទានសម្រាប់សេវាពិគ្រោះជំងឺក្រៅ និងអ្នកជំងឺសម្រាកពេទ្យ។ សម្រាប់សេវាពិគ្រោះជំងឺក្រៅថ្លៃភាគទានគឺមានចំនួន ២០ ០០០ (ពីរម៉ឺន) រៀល ឬ ៥ (ប្រាំ) ដុល្លារក្នុងការមកពិនិត្យម្តង និងសេវាសម្រាកពេទ្យ ភាគទាន ក៏មានចំនួន ២០ ០០០ (ពីរម៉ឺន) រៀល ឬ ៥ (ប្រាំ) ដុល្លារ ក្នុងមួយយប់។
ការបង់ភាគទាននេះនឹងមិនធ្វើឲ្យមានការកែប្រែលើសេវាសុខភាពដែលអ្នកជំងឺទទួលឡើយ។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ឲ្យដឹងថា មន្ទីរពេទ្យនឹងនៅតែបន្ដផ្ដល់សេវាសុខភាពប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណាដដែល តាមរយៈការថែទាំប្រកបដោយការយកចិត្តទុកដាក់ដូចគ្នាចំពោះកុមារទាំងអស់ ដែលត្រូវការសេវាពីមន្ទីរពេទ្យយើង ដោយមិនគិតពីស្ថានភាពជីវភាពគ្រួសារឡើយ។អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមន្ទីរពេទ្យកុមារអង្គរពឹងផ្អែកទៅលើជំនួយសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស។ ខណៈពេលដែលជំនួយក្រៅប្រទេសមានការធ្លាក់ចុះ បុគ្គលិកនៅក្នុងប្រទេសបានចាប់ផ្តើមស្វែងរកជំនួយសប្បុរសធម៌បន្ថែមនៅក្នុងប្រទេស ក៏ប៉ុន្តែមន្ទីរពេទ្យនៅតែមានឧបសគ្គមួយចំនួនក្នុងការស្វែងរកជំនួយសរុបដើម្បីដំណើរការមន្ទីរពេទ្យពីមួយឆ្នាំទៅមួយឆ្នាំ។
ភាគទានអ្នកជំងឺគឺជាវិធីសាស្ត្រមួយក្នុងការលើកទឹកចិត្តឱ្យប្រជាជនខ្មែរគ្រប់រូបចេះជួយគ្នាទៅវិញទៅមក ដោយអ្នកដែលមានលទ្ធភាពជួយដល់អ្នកដែលមិនមានលទ្ធភាព។ តាមរយៈការរួមគ្នារបស់យើងទាំងអស់គ្នា យើងអាចជួយឱ្យមន្ទីរពេទ្យកុមារអង្គរបន្តបើកទ្វារ ព្យាបាលអ្នកជំងឺក្នុងរយៈពេលយូរអង្វែង និងបន្តជួយសង្គ្រោះ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពសម្រាប់កុមារកម្ពុជា។
មន្ទីរពេទ្យកុមារអង្គរនៅតែបន្តពិនិត្យថែទាំអ្នកជំងឺដោយឥតគិតថ្លៃ ចំពោះអ្នកជំងឺដែលមានប័ណ្ណក្រីក្រ ឬ ប័ណ្ណមូលនិធិសមធម៌សុខភាព និងអ្នកជំងឺដែលមានការបញ្ជាក់ពីភាពក្រីក្រ ដោយក្រុមបុគ្គលិកសង្គមកិច្ចរបស់មន្ទីរពេទ្យកុមារអង្គរ។ ទោះបីជាអ្នកជំងឺដែលមានលទ្ធភាព ឬមិនមានលទ្ធភាពបង់ភាគទាន ក៏មន្ទីរពេទ្យកុមារអង្គរនៅតែបន្តធ្វើការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព និងក្តីមេត្តាករុណាដូចៗគ្នា។ មន្ទីរពេទ្យកុមារអង្គរនៅតែត្រូវការការបរិច្ចាគ គាំទ្រពីសប្បុរសជន ដើម្បីបន្ធូរបន្ថយការចំណាយទាំងស្រុងនៃថ្លៃសេវាពិនិត្យថែទាំសុខភាព ដោយចំណាយមួយភាគធំគឺជាការចូលរួមចំនែកពីសប្បុរសជននានាតាមរយៈការបរិច្ចាគដដែល។
“យើងសង្ឃឹមជឿជាក់ថាអាណាព្យាបាលអ្នកជំងឺទាំងអស់ដែលមានលទ្ធភាពបង់ភាគទាន នឹងចូលរួមចំណែកជាមួយពួកយើងដើម្បីគាំទ្រដល់ការអភិវឌ្ឍបន្តទៀតនូវសេវាថែទាំសុខភាពប្រកបដោយឯកទេស គុណភាពខ្ពស់ និងក្តីមេត្តាករុណា ដល់កុមារកម្ពុជាគ្រប់រូប” លោក ឈឹម សូវង្ស អនុប្រធានការិយាល័យ ហិរញ្ញវត្ថុនៃមន្ទីរពេទ្យកុមារអង្គរមានប្រសាសន៍ចែករំលែក។
មន្ទីរពេទ្យកុមារអង្គរផ្សព្វផ្សាយអំពីការផ្លាស់ប្តូរនេះដល់សាធារណៈជនដើម្បីជាព័ត៌មានដល់អាណាព្យាបាល និងអ្នកថែទាំកុមារទាំងអស់ ឲ្យបានជ្រាបថាសេវាពិនិត្យ ព្យាបាល និង ថែទាំសុខភាពនៃមន្ទីរពេទ្យកុមារអង្គរ នៅតែបន្តផ្តល់ជូនដល់កុមារគ្រប់រូប ទោះបីពួកគេមាន ឬគ្មានលទ្ធភាពក្នុងការបង់ភាគទានក៏ដោយ។
អាណាព្យាបាល អ្នកជំងឺ និងអ្នកជំនាញផ្នែកសុខភាព ដែលមានចម្ងល់ ចង់សាកសួរព័ត៌មានបន្ថែម អំពីសេវាកម្មរបស់មន្ទីរពេទ្យកុមារអង្គរ អាចចូលមើលនៅលើគេហទំព័រ www.angkorhospital.org/patients ៕ដោយ៖សុភ័ក្រ្ត