សៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប និងនគរបាលព្រហ្មទណ្ឌស្រុកបន្ទាយស្រី បានសហការគ្នាផ្តល់តម្រុយរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់លួចម៉ូតូពីក្នុងក្រុងសៀមរាប ខណៈកំពុងយកម៉ូតូទៅបញ្ជាំនៅឃុំព្រះដាក់។ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ស្ថិតនៅផ្សារព្រះដាក់ ក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប និងនគរបាលព្រហ្មទណ្ឌស្រុកបន្ទាយស្រី បានសហការគ្នាបង្ក្រាប បានជនសង្ស័យម្នាក់មានឈ្មោះវុធ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកំណើតនៅភូមិបុស្សឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បច្ចុប្បន្នមានទីលំនៅនឹងមុខរបរ មិនពិតប្រាកដ ពាក់ព័ន្ធនឹងករណីអំពើលួច(លួចម៉ូតូ)។លោកបន្តថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀម រាប មានករណីអំពើលួចម៉ូតូ បង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1J-5264 លេខតួ.លេខ8484816 របស់ជនរងគ្រោះឈ្មោះចាន់ សុភាព ភេទស្រី អាយុ៤៧ឆ្នាំរស់នៅភូមិកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះទុកម៉ូតូមុខផ្ទះមិនបានដកសោរ ។លោកបន្តថា លុះដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យខាងលើត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ឃាត់ខ្លួន រួមទាំងវត្ថុតាង ក្នុងពេលដែលជនសង្ស័យយកម៉ូតូដែលលួចបានយកទៅបញ្ចាំនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។លោកបន្តថា ដោយមានកិច្ចសហការណ៍ល្អរបស់កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកបន្ទាយស្រី យើងក៏បានទៅប្រគល់និងទទួលជនសង្ស័យខាងលើរួមទាំងវត្ថុតាងយកមកសួរនាំ។ ក្រោយពីសួរនាំជនសង្ស័យខាងលើជាលើកទី២ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះតែម្នាក់ឯងពិតមែន។បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕