សៀមរាប៖ បុគ្គលចំនួន ២នាក់ ដែលឈ្មួញជោគជាំដោយរឿងជម្លោះដីធ្លី ឈ្មោះ លី អ៊ុំអេង អះអាងក្តែងៗថា ជាម្ចាស់ដើមលើផ្ទៃដីនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី បានលក់ដីទាំងនោះមកឲ្យខ្លួន ត្រូវបានគេរកឃើញភាពមិនប្រក្រតីជាច្រើននៅក្នុងឯកសារ។ បុគ្គលទាំង ២នាក់នោះ ម្នាក់ឈ្មោះ លឹម ជក់ និងម្នាក់ទៀតឈ្មោះ ញ៉ាវ ណុល។
យោងតាមពាក្យស្នើសុំពាក្យកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី១៤ ខែ៥ ឆ្នាំ១៩៩៨ របស់ឈ្មោះ លឹម ជក់ គេបានរកឃើញ នូវភាពមិនប្រក្រតីមួយចំនួនដូចជា៖ កាលពីឆ្នាំ១៩៩៨ លឹម ជក់ មានអាយុត្រឹមតែ៣០ឆ្នាំ ក្នុងពាក្យសុំនោះដែរ លឹម ជក់ បានបញ្ជាក់ថា ខ្លួនបានកាន់កាប់ដីទំហំ ២៦០×២៥០ (មានស្នាមកោសលុប) ចាប់ពីឆ្នាំ១៩៧៩ មកទល់បច្ចប្បន្ន។
ពិនិត្យលើពាក្យសុំនេះនៅឆ្នាំ១៩៧៩ ឈ្មោះ លឹម ជក់ ទើបតែមានអាយុ១១ឆ្នាំប៉ុណ្ណោះ។ ចំណែកពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ទំហំ ១៥០×៣៥០ ចុះថ្ងៃទី១០ ខែ៤ ឆ្នាំ១៩៩៧ របស់ឈ្មោះ ញ៉ាវ ណុល ដែលលោកជំទាវ លី អ៊ុំអេង អះអាងថា ជាម្ចាស់ដីដើមដែរនោះ ក៏មានលក្ខណៈមិនប្រក្រតី ស្រដៀងនឹងឈ្មោះ លឹម ជក់ ដែរ។ កាលពីឆ្នាំ ១៩៩៧ ញ៉ាវ ណុល មានអាយុ២០ឆ្នាំ ដូច្នេះមានន័យថា នៅឆ្នាំ១៩៧៩ ញ៉ាវ ណុល មានអាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។
បើឯកសារបញ្ជាក់បែបនេះហើយ សួរថា តើទារកអាយុ២ឆ្នាំ និងកុមារអាយុ១១ឆ្នាំ អាចចូលទៅកាន់កាប់ដីទំហំច្រើនហិកតាយ៉ាងដូចម្តេច? បើមើលទៅម្នាក់មិនទាន់បាត់ធំក្លិនទឹកដោះ ហើយនិងម្នាក់ទៀតមិនទាន់ដឹងខ្យល់អីស្រួលបួលផងនោះ..?? ក្រៅពីនេះ គេនៅសង្ស័យទៀតថា អាចមានប្រើប្រាស់ឯកសារដីធ្លីមិនប្រក្រតី។ ដូចនៅក្នុងចំណុច ឆ្នាំនៃការដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លី របស់បុគ្គលទាំង ២នាក់ ខាងលើគេសង្ស័យថា បានប្រើឯកសារក្លែងបន្លំ ដោយឯកសារទាំងនោះត្រូវបានគេប្រើនៅក្នុងទសវត្សឆ្នាំ២០០០ ហើយកែបន្លំមកដាក់ឆ្នាំ១៩៩៧ និងឆ្នាំ ១៩៩៨ ទៅវិញ។
យោងតាមឯកសារ ដែលបានពិនិត្យឃើញមួយចំនួន និងថ្ងៃខែឆ្នាំកំណើតបុគ្គលម្ចាស់ដី រួមទាំងឆ្នាំដែលបុគ្គលស្នើសុំកាន់កាប់ដីធ្លីអាចបញ្ជាក់បានថា ជំទាវ លី អ៊ុំអេង កំពុងដាំទឹកក្តៅស្រោចលើខ្លួនឯងទៀតហើយ ព្រោះម្នាក់ទើបអាយុ២ឆ្នាំ ឯម្នាក់ទៀតអាយុ១១ឆ្នាំ ចេះឈរឈ្មោះកាន់កាប់ដីទុកលក់អោយជំទាវ។
សូមបញ្ជាក់ថា ជំទាវបណ្ឌិត ឧកញ៉ា លី អ៊ុំអេង អនុ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ធ្លាប់បានសមត្ថកិច្ចចាប់ខ្លួន យកទៅវាស់កំពស់រួចម្តងហើយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រោះតែរឿងចេញសែកអត់លុយ(សែកស្អុយ) ក្នុងជំនួញដីធ្លី៕ ដោយ៖ សុភ័ក្រ