សៀមរាប៖នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នាស្នងការដ្ឋាននរគបាលខេត្តសៀមរាបបានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង ប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ពៅ ពិសិដ្ឋអភិបាលរងខេត្ត តំណាង ឯកឧត្ដម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ នៅតាមមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីនគរបាលជាច្រើនរូប ។
លោក ពៅ ពិសិដ្ឋ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានសំដែងនូវការអបអរសារទរ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលត្រូវបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ប្រគល់តួនាទី បំពាក់ឋានន្តរស័ក្កិ បំពាក់គ្រឿងឥស្សរិយយស ប្រគល់ប័ណ្ណសរសើរជូន ជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង ក្នុងការការពារសន្តិសុខជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋកន្លងមក។ ជាមួយគ្នានេះ នាយនគរបាល និងពលនគរបាលយើង ត្រូវរួបរួមគ្នាធ្វើការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំទប់ស្កាត់ឲ្យបាននូវបទល្មើសនានា ដូចជា ការជួញដូរគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕