ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី០៤នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនជាបន្តបន្ទាប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងបានបន្តសហការជាមួយកម្លាំងនគរបាលខេត្តកំពតឈានទៅដល់ឆែកឆេរបង្រ្កាបមេខ្លោងផ្គត់ផ្គង់គ្រឿងញៀននៅខេត្តកំពតបន្តនិងបន្តឆែកឆេរផ្ទះជនសង្ស័យនៅខត្តតាកែវ ដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកជាងកន្លះគីឡូក្រាម។
ក្រោយពីកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនចាប់ជនសង្ស័យដែលជាមុខសញ្ញាលក់ចែកចាយគ្រឿងញៀននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ និង៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ឆាយ ហុង។លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យដឹងថា ការបង្រ្កាបជនសង្ស័យគ្រឿងញៀនប្រុសស្រីទាំង០៤នាក់កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងឈានទៅដល់បង្រ្កាបជាក់ស្តែងជនសង្ស័យអ្នករត់តាក់ស៊ី ដែលបានដឹកជញ្ជូនគ្រឿងញៀនមានឈ្មោះ កុត សារ៉េត ភេទ ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់០១ខណ្ឌទួលគោក ឆែកឆេរត្រួតពិនិត្យរកឃើញគ្រឿងញៀន១កញ្ចប់និងរថយន្ត០១គ្រឿង។កម្លាំងនគរបាលបន្តទៅបង្រ្កាបបក្ខពួក០២នាក់ទៀត មានឈ្មោះ ចាន់ សុភ័ក្រ្ត ភេទប្រុស អាយុ៣២ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុប ជនជាតិខ្មែរ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ ស៊ឹម សេរី ភេទប្រុស អាយុ៣០ឆ្នាំ ប្រកបមុខរបរបុគ្គលិកក្រុមហ៊ុនចិន នៅចំណុចភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ។ លោកបន្តថា ក្រោយពីបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង០៣នាក់នេះរួចហើយនៅរាជធានីភ្នំពេញ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញក៏បានបន្តទៅសហការជាមួយកម្លាំងនគរបាលខេត្តតាកែវនិងបង្រ្កាបចាប់ខ្លួនជនសង្ស័យជាអ្នកផ្គត់ផ្គង់គ្រឿងញៀន០១នាក់ទៀត មានឈ្មោះ ហេង សុខឃីម ភេទស្រី អាយុ៣៤ឆ្នាំ គ្មានមុខរបរពិតប្រាកដ ជនជាតិខ្មែរ នៅចំណុចក្នុងចំការពោធ ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដកហូតវត្ថុតាងគ្រឿងញៀន០៥កញ្ចប់និងរថយន្ត០១គ្រឿង និងបានបន្តសហការជាមួយនគរបាលខេត្តតាកែវទៅឆែកឆេរផ្ទះជនសង្ស័យ០១កន្លែងទៀតស្ថិតនៅស្រុកត្រាំកក់ខេត្តតាកែវ ដកហូតវត្ថុតាងគ្រឿងញៀន០១កញ្ចប់និងឧករណ៍សម្ភារៈសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។ជនសង្ស័យទាំង០៤នាក់នៅរសៀលថ្ងៃទៅ១០ ខែកញ្ញា ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ៖កញ្ញាស្រីមុំ