សៀមរាប៖ រថយន្តម៉ាកស៊ីណា បោះពួយក្នុងល្បឿនលឿនទៅបុកជាមួយ លុចស៊ិស RX៣០០ បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល៨នាក់។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្ត SIENNA រត់តាក់ស៊ី និង រថយន្ត លុចស៊ិស RX៣០០ បុកគ្នាពេញទំហឹង បណ្តាលឱ្យស្លាប់ អ្នកបើក រថយន្ត SIENNA និង របួសធ្ងន់ស្រាល ៨នាក់ ក្នុងទិសដៅ ច្រាស់ទិសគ្នា។ លោកអធិការស្រុកជីក្រែង បានបន្ថែម រថយន្តSIENNA បើកបរដោយឈ្មោះសួ ភិន ភេទប្រុស អាយុ៤៧ឆ្នាំ ទីលំនៅផ្ទះ១០៦ឌ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយដឹកមនុស្ស០៦នាក់ ស្រី៥នាក់ ក្នុងទិសដៅពីទិសលិចទៅទិសកើត ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ ២AC – ៩៩៧១ ជាប្រភេទរថយន្តដឹកអ្នកដំណើរធុនតូច ពណ៌ទឹកមាស ក្នុងបើកបរក្នុងល្បឿនលឿន។ លុះមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តម៉ាក LEXUS ផលិតឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ ២M – ៤៣៣៤ ប្រភេទទេសចរណ៍ ពណ៌ទឹកមាសអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានអ្នករួមដំណើរម្នាក់ ទិសដៅពីកើត លិចក្នុងល្បឿនយ៉ាងលឿនដូចគ្នា ដោយមិនបានប្រុងប្រយ័ត្នក៏បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យស្លាប់ខាងអ្នកបើក រថយន្ត SIENNA ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង របួសធ្ងន់ស្រាល ៨នាក់ (ស្រី៥នាក់)ក្នុងទិសដៅ ច្រាស់ទិសគ្នា។ក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យ វាស់វែង នឹងអូសយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តន៍តាមនិតិវិធី។ ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕