សៀមរាប៖ នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀម រាបបានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធិភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល និងការអនុវត្តន៍ការងារនគរបាល និងសហគមន៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកនាយ នាយរងការិយាល័យកិច្ចការប៉ុស្តិ៍រដ្ឋបាល អធិការ អធិការរង នាយ នាយរងផ្នែក នាយប៉ុស្តិ៍ទាំង ០៦ស្រុក និងមន្ត្រីទាំងអស់សរុបចំនួន១០៥នាក់។ លោកវរសេនីយ៍ទោ ទុំ សុភ័ក្រ្ត នាយការិយាល័យកិច្ចការប៉ុស្តិ៍រដ្ឋបាលបានឡើងអានរបាយការណ៍ស្តីពីលទ្ធផលការងារដែលមន្ត្រីនគរបាលតាមបណ្តាប៉ុស្តិ៍រដ្ឋបាលបានអនុវត្ត និងសម្រេចបានកន្លងមក។
បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលការងារផែនកណ្តាលសេនាធិការបានឡើងធ្វើបទអន្តរាគមន៍ និងពន្យល់ណែនាំដល់មន្ត្រីទាំងអស់លើចំនុចសំខាន់ៗមួយចំនួនដូចជា៖១. ពង្រឹងប្រសិទ្ធិភាពប៉ុស្តិ៍នគរបាលរដ្ឋបាល និងការអនុវត្តន៍ការងារនគរបាល និងសហគមន៍។២. ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតដែលប្រើប្រាស់ អ.ខ អស់សុពលភាព និង ឯ.ក តាមសេចក្តីណែនាំលេខ ០៣៤ គជប/សណន ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។៣. ផ្សព្វផ្សាយសេចក្តីណែនាំរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្តីពី វិធានការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងពិធីកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០។៤. បន្តប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ-១៩ និងអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។ បន្ទាប់ពីបានស្តាប់បទអន្តរាគមន៍ និងមតិចូលរួមដ៏ក្បោះក្បាយរបស់លោកស្នងការរងទទួលការងារផែនសេនាធិការរួចមក លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៤ បានឡើងធ្វើបទបង្ហាញអំពី ការអនុវត្តការងារគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ( ការផ្សព្វផ្សាយ ការធ្វើវេទិកាសាធារណៈ និងការចងក្រងប្រជាការពារ) និងការអនុវត្តន៍ការងារនគរបាលជាមួយសហគមន៍។ ក្នុងឳកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានមតិសំណេះសំណាល និងថ្លែងអំណរគុណដល់កម្លាំងទាំងអស់ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមកដោយមិនខ្លាចនឿយហត់ ហើយត្រូវខិតខំប្រឹងប្រែងបន្តទៀតក្នុងកិច្ចការការពារថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនក្នុងពិធីកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ និងត្រូវតាមដាន ទប់ស្កាត់រាល់បាតុភាពផ្សេងៗដែលកើតឡើងជាយថាហេតុ ពិសេសទប់ស្កាត់ឲ្យបានដាច់ខាតរាល់ចលនាឧទ្ទាមក្រៅច្បាប់ក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ៕