ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចស្រុកជីក្រែង ឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមបណ្ដឹងរបស់គ្រួសារក្មេងស្រីរងគ្រោះ ករណីរំលោភសេពសន្ថវ: លើអនីតិជនវ័យ១២ឆ្នាំ កាលពីវេលាម៉ោង២រសៀលថ្ងៃទី០១ខែមករាឆ្នាំ២០២៣ ក្នុងភូមិទទឹងថ្ងៃ ឃុំឫស្សីលក ស្រុកជីក្រែង។
សមត្ថកិច្ចស្រុកជីក្រែង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣នេះថា តាមការបំភ្លឺរបស់ក្មេងរងគ្រោះឈ្មោះវ.ស.ម ភេទស្រី អាយុ១២ឆ្នាំ រស់នៅឃុំឫស្សីលក ស្រុកជីក្រែង បានរៀបរាប់ប្រាប់ម្តាយនិងសមត្ថកិច្ចថា នៅម៉ោងប្រមាណជាង២រសៀល ថ្ងៃទី១.១.២០២៣ ខ្លួនបានដើរចេញពីរោងការ ទៅបទជើងនៅគុម្ពោធព្រៃខាងក្រោយផ្ទះរោងការចម្ងាយប្រហែល ១០០ម៉ែត្រ។ ក្រោយមកស្រាប់តែមានមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះពាក់ក្រវ៉ិលពណ៌ស ត្រចៀកខាងស្តាំ ពាក់អាវយឺតពណ៌សរ ដៃខ្លីខាងក្នុង អាវដៃវែងពីក្រៅស្លៀកខោខាវបយជើងវែង ពាក់ស្បែកជើងប៉ាតា បានចាប់ដៃជនរងគ្រោះ ដែលកំពុងបទជើងអូសចូលក្នុងគុម្ពោធព្រៃ ហើយស្រាតខោជនរងគ្រោះ រួចរំលោភសេពសន្ថវ:រហូតបានសម្រេច ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យដើរមកកន្លែងរោងការវិញរីឯក្មេងរងគ្រោះ បានទៅប្រាប់ម្តាយរបស់ខ្លូនតាមរឿងហេតុដូចខាងលើ រួចហើយបានរាយការណ៍ដល់សមត្ថកិច្ច ពេលសមត្ថកិច្ចទៅដល់ បានឲ្យបង្ហាញមុខជនសង្ស័យ ហើយក៏បាននាំជនសង្ស័យមកកន្លែងអធិការដ្ឋានស្រុកជីក្រែង ដើម្បីសួរនាំ តែជនសង្ស័យ ឈ្មោះឡាយ ឡុង ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិគោកឫស្សី ឃុំដានរុន ស្រុកសូទ្រនិគម បានឆ្លើយបដិសេធ។
ទោះយ៉ាងនេះក្តី តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាឲ្យសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖សេរី