ភ្នំពេញ៖កាលពីយប់ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញ(ក១១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ លោក វរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងលោក សេង ឃុនណាង នាយការិយាល័យ(ក១១) ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញព្រមទាំងមាន ការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាប នៅចំណុចផ្ទះជួលលេខ អេ៤៨ ផ្លូវលេខ៦ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា លទ្ធផល:ក-ឃាត់ខ្លួនជនសង្ស័យ ០១នាក់:ឈ្មោះ ចាន់ រ៉ា ភេទប្រុស កើតឆ្នាំ ១៩៨៧ ជនជាតិខ្មែរ។
ខ-វត្ថុតាងចាប់យកបាន:-ថ្នាំញៀន មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ៥ គ.ក្រ ២០៧ ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាលើ សមត្ថកិច្ចជំនាញយើង បានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្ត តាមនីតិវិធី ៕ដោយ៖សេរី