Saturday, November 23, 2024
Header Banner

ហួសចិត្ត…នគរបាលស្រុកជីក្រែង ចុះទៅដោះស្រាយទំនាស់របស់ពលរដ្ឋត្រូវជនសង្ស័យគប់ឲ្យរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តសៀមរាប៖ពលរដ្ឋជាច្រើនគ្រួសារប្ដឹងជនសង្ស័យម្នាក់ករណីលួចកាប់ឈើក្នុងដីស្រែរបស់ពួកគាត់។តែជនសង្ស័យបែរជាបង្ករហិង្សាមកលើពលរដ្ឋនិងមន្ត្រីនគរបាលម្នាក់ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួននៅល្ងាចថ្ងៃទី៦ខែមករាឆ្នាំ ២០២៣នៅចំណុចភូមិស្លែងកោង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

   នគរបាលមូលដ្ឋានបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ក្រូច សោ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅសព្វថ្ងៃ ភូមិស្លែងកោង ឃុំគោកធ្លកលើ  ស្រុកជីក្រែង  ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួច(កាប់ឈើ) ,បំផ្លាញទ្រព្យអ្នកដទៃ,និងហឹង្សាមានស្ថានទម្ងន់ទោសលើមន្រ្តីសាធារណ: ។

 សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋចំនួន ៧គ្រួសារបានមកប្តឹងនៅកន្លែងប៉ុស្តិ៍គោកធ្លកលើ ដោយចោទលើជនសង្ស័យឈ្មោះក្រូច សោ ភេទប្រុស អាយុ៤៥ឆ្នាំ

ថាបានលួចកាប់ឈើពីក្នុងដីស្រែរបស់ពួកគាត់ ។ ក្រោយមកជនសង្ស័យខាងលើដឹងថាម្ចាស់ឈើប្តឹង  លុះដល់ម៉ោង១៦,០០នាទី ថ្ងៃទី៦ខែមករាឆ្នាំ២០២៣ ជនសង្ស័យបានបើកត្រាក់ទ័រ

ទៅឈូសរបងមុខផ្ទះសង់អំពីឥដ្ឋបាក់រលំ និងប៉ះសសរដែកសំយ៉ាបផ្ទះឲ្យកោង  របស់ឈ្មោះសេត យេតភេទស្រី នៅភូមិស្វាយពក ឃុំគោកធ្លកលើ ដែលជាអ្នកប្តឹងជនសង្ស័យពីរឿងលួចឈើ ។  ក្រោយមកសមត្ថកិច្ចក៏បានចុះទៅធ្វើអន្តរាគមន៍ តែត្រូវបានជនសង្ស័យបើកត្រាក់ទ័រដេញបុក  ពេលនោះសមត្ថកិច្ចបានបាញ់ បំបែកកង់ត្រាក់ទ័រ ១គ្រាប់ ទើបជនសង្ស័យរត់ទៅឡើងផ្ទះអ្នកស្រុកដែលម្ចាស់អត់នៅ ហើយបានគប់ដុំឥដ្ឋ ត្រូវសមត្ថកិច្ចម្នាក់ឈ្មោះជឿម ជាតិបណ្តាលឲ្យរបួសស្រាល  ពេលនោះប្រជាពលរដ្ឋមានកំហឹង ក៏បានមកជួយចាប់ជនសង្ស័យផងដែរ។ រហូតដល់ម៉ោង១៨ និង ៥៤នាទី ទើបចាប់បានទាំងកាំបិតចុងស្រួចមួយផងដែរ  ដោយពលរដ្ឋខឹង និងមានគ្នាច្រើន ពិបាកគ្រប់គ្រង ពួកគាត់បានវាយជនសង្ស័យបណ្តាលឲ្យរងបួស ចិញ្ចើម និងបបូរមាត់ ។

   ជនសង្ស័យ និងវត្ថុតាង ដកហូតពីជនសង្ស័យ មានត្រាក់ទ័រ១គ្រឿង ម៉ាកហ្វត ពណ៌ខៀវ កាំបិតចុងស្រួច ១ ប្រភេទកាំបិតស្នៀតនិងម៉ាស៊ីនង៉ោង ១គ្រឿងត្រូវបាននគរបាលស្រុកជីក្រែង ដកហូតនិងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម