Saturday, November 23, 2024
Header Banner

រដ្ឋបាលខេត្តរតនគិរីប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣)នៅអតីតៈ ប្រលានយន្តហោះខេត្តស្ថិតនៅក្រុងបានលុងក្រោមអធិបតីភាពលោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។

ទិវាជ័យជំនះជាប្រវត្តិសាស្រ្តនេះក៏មានការអញ្ជើញចូលរួមក្នុងពិធីនេះមាន លោក លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត នាយកទីចាត់ការ អង្គភាព និងមន្ត្រីរាជការក្នុងខេត្ត អាជ្ញាធរក្រុងបានលុង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទ ក្រហមកម្ពុជា,យុវជនស្រលាញ់សន្តិភាពនិងបងប្អូនប្រជាជាពលរដ្ឋ សរុបប្រមាណជាង១០០០នាក់។

បន្ទាប់ពីអានសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅពីសំណាក់ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា រួចមក លោក ជៀង អំ បានលើកឡើងថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិត រស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះ បានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ប្រជាជនកម្ពុជាយើងនៅគ្រប់ទិសទីកំពុងអបអរសាទរយ៉ាង ក្លៀវក្លានូវខួបអនុស្សាវរីយ៍នៃទិវាជ័យជំនះជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា ដែលបានប្រយុទ្ធ ធ្វើពលិកម្មទាំងអាច ដើម្បីរំដោះ ប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។

លោក ជៀង អំ ក៏បានរំលេចផងដែរថា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍នយោបាយដ៏ធំគួរឲ្យកត់សម្គាល់គឺ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា។ ដូច្នេះគណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះរួចរាល់។ ហើយគណបក្ស ប្រជាជនប្ដេជ្ញាចិត្តនឹងដណ្តើមយក ជ័យជំនះឱ្យបានជាដាច់ខាតក្នុងការបោះឆ្នោតនាពេលខាងមុខនេះពីព្រោះការបោះឆ្នោតនាពេល ខាងមុខពិតជាមានសារៈសំខាន់ណាស់ចំនួន២គឺ ទី១ គឺការការពារសុខសន្តិភាពរបស់សង្គមជាតិ ក៏ដូចជា ប្រទេសជាតិរបស់យើងទាំងមូលឲ្យបានស្ថិតស្ថេរគង់វង្ស។ ដូចដែលយើងបានដឹងច្បាស់ហើយមាន សន្តិភាព ទើបមានការអភិវឌ្ឍន៍រីកចម្រើន ផ្ទុយទៅវិញបើគ្មានសន្តិភាពទេ នោះយើងមិនមានការរីក ចម្រើនឡើយ។ ដូចពាក្យស្លោកបានចែងថា “អរគុណសន្តិភាព”   អរគុណនយោបាយឈ្នះឈ្នះ នេះពិតជាត្រឹមត្រូវណាស់។

ទី២ ដើម្បីការពារសមទ្ធិផលរបស់សង្គមជាតិដែលយើងបានខិតខំកសាង យ៉ាងលំបាកក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន ជាការខិតខំប្រឹងប្រែងពុះ ពារគ្រប់ឧបសគ្គ បើគ្មានសន្តិភាពក៏គ្មានអ្វីៗដែលអស់នេះដែរ។ ថ្មីៗនេះយើងបានដឹកនាំប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតជាសកលកូវីដ-១៩ យើងបានការពារអាយុជីវិតប្រជាពលរដ្ឋរបស់យើង កាត់ បន្ថយការឆ្លងរាតត្បាត ទោះបីមិនបានទាំងស្រុង ប៉ុន្តែយើងទទួលបានជោគជ័យយ៉ាងធំធេងៗ ទៅ ថ្ងៃខាងមុខ យើងត្រូវយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យើងត្រូវបន្តការងារចុះ មូលដ្ឋាន បង្កើនភាពសិទ្ធិស្នាលជាមួយប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរជាងនេះទៀត និងបន្តពុះពារគ្រប់ឧបសគ្គ បញ្ហាប្រឈម ទាំងឡាយ និងខិតខំដោះស្រាយជាបន្តបន្ទាប់ឱ្យបានល្អប្រសើរ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម