ខេត្តរតនគិរី៖ វិមានឯករាជ្យរដ្ឋបាលខេត្តរតនគិរីបានចាប់ផ្តើមធ្វើក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ ហើយនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។
តាមការបញ្ជាក់ពីមន្រ្តីជំនាញមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត បានឲ្យដឹងថា វិមានឯករាជ្យរដ្ឋបាលខេត្តរតនគិរីនេះ សាងសង់នៅទីតាំងអតីតប្រលានយន្តស្តិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលមានទំហំប្រាង្គ វិមានឯករាជ្យ ៣៣ម៉ែត្រ គុណ ៣៣ម៉ែត្រ មានអង្កត់ផ្ចិត រង្វង់កំណោង ដាក់តំណាងផ្នូរសពបុព្វបុរសមានអង្កត់ផ្ចិត ៦៣ម៉ែត្រ និងមានកំពស់ប្រាង្គវិមានឯករាជ្យប្រវែង ២៣.១ម៉ែត្រ។
នៅក្នុងឱកាសនេះដែរលោក ជៀង អំ និងលោកជំទាវ បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន៥ពាន់ដុល្លារ(អាមេរិក)ជូនដល់រដ្ឋបាលសាលាខេត្តផងដែរ។
ហើយលោក ជៀង អំ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត រដ្ឋបាល ក្រុង សង្កាត់ ព្រមជាមួយក្រុមការងារគ្រប់ថ្នាក់ ដែលបានរួមសាមគ្គីជាមួយកម្លាំងគាំទ្រ និង ការចូលរួមពីប្រជាពលរដ្ឋ ក្នុងការរក្សាសន្តិភាព ស្ថិរភាព រួមគ្នាអភិវឌ្ឍខេត្តមានការរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងសមិទ្ធផលថ្មីនេះនឹង រួមចំណែកទាក់ទាញទេសចរក្នុងស្រុក និង បរទេស ពិសេសពលរដ្ឋ នឹងមានកន្លែង កម្សាន្ត ក្នុងពិធីបុណ្យ ឬកម្មវិធីផ្សេងៗ ដែល រៀបចំដោយរដ្ឋបាលខេត្ត រួមទាំងការហាត់ ប្រាណ និង កម្សាន្តប្រចាំថ្ងៃក្នុងក្រុង បានលុង៕ សាវ័ន្ត