ខេត្តសៀមរាប៖កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប សហការជាមួយប៉ុស្តិ៍នគរបាលស្វាយដង្គំ និងប្រជាការពារភូមិ បានចុះល្បាតប្រទះឃើញជនសង្ស័យចំនួន២នាក់ជាមុខសញ្ញាលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋក្នុងក្រុងសៀមរាបនិងធ្លាប់ជាប់ពន្ធនាគារ ត្រូវបាននាំខ្លួនយកមកសួរនាំ ទើបដឹងថា ពួកគេធ្វើសកម្មភាពផ្លោះរបងរីសត យីហោ ម៉ាណេ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បានលួចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ បម្រុងយកទៅលក់។
លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ចុះល្បាតនៅជិតភ្លឺត្រង់ចំណុចភូមិសាស្ត្រនៃសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបបាន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធធនាគារ ៖០១-ឈ្មោះអ៊ី សាក់ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិប្រយុទ្ធ ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
០២-ឈ្មោះធាវ ប៊ុនធឿន ហៅតឿ ភេទប្រុស អាយុ៣១ឆ្នាំមុខរបរលក់ស្រាក្រឡុក មានស្រុកកំណើតនៅភូមិគោកបេង ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ គឺពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ ដោយសហចារី( លួចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សូមរម្លឹកថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៣,០០នាទី ស្ថិតនៅរីសត យីហោ ម៉ាណេ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួច ( លួចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ) បង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពផ្លោះរបងរីសត ចូលទៅលួចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ក្នុងផ្ទះជួលដាច់របស់ជនរងគ្រោះឈ្មោះថុង ចន្ថា ភេទស្រី អាយុ៤២ឆ្នាំ នឹងឈ្មោះយុង សុផល ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ខណៈពេលដែរជនរងគ្រោះគេងលក់ ក្រោយពេលធ្វើសកម្មភាពហើយជនសង្ស័យបានយកទួរទស្សន៍ទៅលក់ទុកក្នងកម្ពតព្រៃ ហើយនាំគ្នាបំរ៉ុងធ្វើសកម្មភាពទៀត ក៏ត្រូវកម្លាំងសមត្ថកិច្ចល្បាត ហើយប្រទះឃើញដោយមានការសង្ស័យ ព្រោះជនសង្ស័យទាំងពីរមានទូរស័ព្ទទំនើប ហើយសមត្ថកិច្ចបានអោយជនសង្ស័យដោះលេខកូដ តែជនសង្ស័យដោះមិនចេញ បន្ទាប់មកក៏បាននាំខ្លនជនសង្ស័យទាំងពីរមកសួរនាំ។
ក្រោយពីរសួរនាំជនសង្ស័យទាំងពីរបានឆ្លើយដូចគ្នាថា ពួកខ្លួនពិតជាបានផ្លោះរបងចូលលួចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ពិតប្រាកដមែន ដោយជនសង្ស័យឈ្មោះអ៊ី សាក់ ជាអ្នកផ្លោះរបងចូលលួច រីឯឈ្មោះធាវ ប៊ុនធឿន ហៅតឿ ជាអ្នកចំមើលផ្លូវ នឹងចាំទទួលយកអីវ៉ាន់ពីបក្ខពួក។
លោកបន្ថែមថា វត្ថុតាងដកហូតបាន ម៉ូតូជនសង្ស័យចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន០៣គ្រឿង ទូរទស្សន៍LEDចំនួន០២គ្រឿង កាបូបស្ពាយចំនួន០១ កាសត្រចៀកចំនួន០២ឈុត កូនសោររថយន្តចំនួន០១ កំព្យូទ័រចំនួន០១គ្រឿង។ជនសង្ស័យខាងលើទាំងពីរនាក់ត្រូវបានធ្វើតេស្ត៍ទឹកនោម ដោយឈ្មោះធាវ ប៊ុនធឿន ហៅតឿ ជាលទ្ធផល វិជ្ជមាន ( ជាតំរុយមេតំហ្វេតាមីន )។
នៅព្រឹកថ្ងៃទី១០ខែមករានេះ កម្លាំងនគរបាលក្រុងសៀមរាប បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ចំណែកវត្ថុតាងត្រូវបាននគរបាលក្រុងសៀមរាប ប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕ដោយ៖សេរី