ខេត្តរតនគិរី៖ជនសង្ស័យម្នាក់បានប្រើប្រាស់អាវុធខុសច្បាប់ ហើយបានគំរាមកំហែងដល់អ្នកដទៃ នៅភូមិណាយ ឃុំញ៉ាង ស្រុកអណ្តូងមាសកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១១និង០០នាទី នៅផ្ទះជនសង្ស័យឈ្មោះ រចំ ប៉ាន ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រចំ ប៉ាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិកាចក់ មុខរបរកសិករ មានទីលំនៅកន្លែងកេីតហេតុ។រីឯជនរងគ្រោះ ឈ្មោះ រចំ ធឿន ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិកាចក់ មុខរបរ មេភូមិណាយ មានទីលំនៅ កន្លែងកេីតហេតុជាមួយគ្នា។សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ជនសង្ស័យបានជិះម៉ូតូចូលទៅផឹកនៅផ្ទះ ឈ្មោះ លាង ប៊ុន រួចក៏បាននិយាយថា មេភូមិ និងអនុភូមិកាកៗ មិនរួចពីដៃគេឡើយ។ ហើយឈ្មោះ រម៉ាម ហែត ឮដូច្នេះក៏មកប្រាប់ឈ្មោះ រចំ ថាន អនុភូមិ បានមកប្រាប់ជនរងគ្រោះ ដោយគិតថាជនសង្ស័យនិយាយលេង ក៏មិនបានខ្វល់ខ្វាយដែរ។ ចាប់ពីពេលនោះមក ពេលដែលខ្ញុំបានជួបសួរនាំ(ជនសង្ស័យ)ក៏មិនដែលនិយាយ ជាមួយខ្ញុំឡើយ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា លុះដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះបានឲ្យប្រជាការពារតាមដានមើលពីសកម្មភាព ពួកគាត់បានសួរប្រពន្ធជនសង្ស័យ ក៏បានប្រាប់ថាជនសង្ស័យមានកាំភ្លើងទុកនៅលើផ្ទះ ក្រោយពីប្រជាការពារបានមកប្រាប់ជនរងគ្រោះវិញ។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះបានតេទូរសព្ទមកប្រាប់សមត្ថកិច្ចថា ជនសង្ស័យមានកាំភ្លើង និងធ្លាប់គំរាមកំហែងជនរងគ្រោះកន្លងមក។ហើយក៏បានទទួលពាក្យបណ្តឹងពីឈ្មោះ រចំ ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិកាចក់ រស់នៅកន្លែងកើតហេតុ(ត្រូវជាជនរងគ្រោះនិងជាមេភូមិណាយ)។បច្ចុប្បន្តជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាសដេីម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការនគរបាលខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ÷ សាវ័ន្ត