ខេត្តមណ្ឌលគិរី៖ពលរដ្ឋជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរី បានចោទប្រកាន់លោកឧត្តមសេនីយ៍ផ្កាយ៣ម្នាក់ នៅអង្គភាពកងពលតូចលេខ៧០ ថាបានដាក់គ្រឿងឈូសឆាយរំលោភយកដីធ្លីរបស់ពួកគាត់កំពុងអាស្រ័យផលយ៉ាងអយុត្តិធម៌ បំផុត។
ពលពលរដ្ឋជនជាតិដើមភាគតិច រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែន នោរម្យ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោកឧត្តមសេនីយ៍ផ្កាយ៣ ហាក់ ម៉ៅ ជាមេបញ្ជាការរងកងពលតូចថ្មើជើង៧០ បានដាក់កូនចៅ និងគ្រឿងចក្រឈូសឆាយរំលោភយកដីធ្លីរបស់ពួកគាត់កំពុងរស់នៅ និងអាស្រ័យផលទាំងបំពាន ។
ក្រុមសហគមន៍ជនជាតិដើមភាគតិច បានបន្តទៀតថា ក្រុមកូនចៅរបស់លោកផ្កាយ៣ដ៏មានឥទ្ធិពលបានប្រើប្រាស់គ្រឿងចក្រ និងរថយន្តសុទ្ធតែពាក់ស្លាកលេខអង្គភាពកងទ័ព (ង៧០) ទៀតផង ។ ពួកគាត់បន្តថា ក្រុមទាហានកូនចៅលោក ហាក់ ម៉ៅ តែងតែលួចធ្វើសកម្មភាពផ្សេងៗនាពេលយប់ព្រោះគ្មានពលរដ្ឋមកតវ៉ា ។ បើពេលថ្ងៃឲ្យស្ងាត់គ្រឿងចក្រធ្វើសកម្មភាពជីករណ្តៅសម្រាប់ទុកត្រៀមតាមផែនការរបស់ពួកគេតែម្តង ។
ក្រុមអ្នកភូមិជនជាតិដើម បាននិយាយថា លោកឧត្តមសេនីយ៍ ហាក់ ម៉ៅ បានប្រើប្រាស់កម្លាំងស្លៀកពាក់ទាហាន,រថយន្តយោធា និងរថយន្តសឺរ៉ែនអង្គភាពដើម្បីគំរាមកំហែងបំបាក់ស្មារតីអ្នកភូមិហើយបានព័ទ្ធនិងឈូសឆាយយកដីធ្លី នៅចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែននោរម្យ ខេត្តមណ្ឌលគិរី យ៉ាងគគ្រើន ។
ក្រុមយោធាកងពល៧០ ទាំងនោះធ្វើសកម្មភាពប្រៀបបាននឹងចោរមកប្លន់ដីធ្លី និងជីវិតជីវភាពរបស់អ្នកភូមិជនជាតិដើមដែលការពារដោយច្បាប់រដ្ឋធម្មនុញ្ញ ។
បងប្អូនជនជាតិដើមភាគតិច បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរខេត្តមណ្ឌលគិរី មេត្តាចុះអនុវត្តលិខិតបង្គាប់ការរបស់ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីក៏ដូចជាក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ រួមទាំងលិខិតរបស់ក្រសួងមហាផ្ទៃក្នុងការវាស់វែងកាត់ឆ្វៀលដី ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។
ពាក់ព័ន្ធករណីខាងលើ លោក ហាក់ ម៉ៅ ដែលរងការចោទប្រកាន់ពុំទាន់អាចសុំការបំភ្លឺបាននៅឡើយទេ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣នេះ៕AFN