ខេត្តសៀមរាប៖កម្លាំងនគរបាលជំនាញនៃក្រុងសៀមរាបសហការគ្នាស្រាវជ្រាវទៅតាមបណ្ដឹងរបស់ពលរដ្ឋរហូតឈានដល់ខ្លួនស្ត្រីដែលជំនាញដើរឆបោកពលរដ្ឋនិងអាជីវករនៅក្នុងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា កម្លាំងនគរបាលជំនាញនៃក្រុងសៀមរាបនិងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះអ៊ិន តារ៉ា ភេទស្រី អាយុ៣៧ឆ្នាំមុខរបរលក់បន្លែ មានស្រុកកំណើតនៅភូមិកំពង់រទេស ឃុំកំពង់រទេស ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្ននៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណី អំពើលួច(បន្លំលួចខោអាវ) នឹងករណីឆបោក(យកខោអាវ )។
លោកបន្តថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចបានទទួលព័ត៌មានតាមរយៈប្រព័ន្ធបណ្តាញសង្គមហ្វេបុក ដែលមានឈ្មោះនិមល កាត់ដេរ ដែលបានសរសេរបង្ហោះថា «បងប្អូនសូមប្រុងប្រយ័ត្នស្រ្តីម្នាក់នេះ វាបានមកហាងខ្ញុំ ទិញខោអាវ ពេលច្រករួចហើយ វាបានបញ្ឆោតអោយបុគ្គលិកខ្ញុំទៅយកបន្ថែមទៀត ហើយវាក៏បើកម៉ូតូរត់បាត់» ដោយមានភ្ជាប់រូបភាពស្រ្តីដែលជាជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលមានពាក់ផ្លាកលេខសៀមរាប1AM-6355 ។ ក្រោយពីទទួលបានព័ត៌មាននេះហើយ សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកជនរងគ្រោះខុន និមល ភេទស្រី អាយុ៣២ឆ្នាំរស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ដើម្បីដាក់ពាក្យបណ្តឹង ។ តាមការបំភ្លឺរបស់ជនរងគ្រោះបានរៀបរាប់ថាៈកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៧.៣០នាទី នៅតូបរបស់ខ្លួន ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានជនសង្ស័យដែលខ្លួនសរសេរក្នុងគណនេយ្យហ្វេសបុក បានបន្លំលួចខោអាវ ដូចដែលខ្លួនបានរៀបរាប់ក្នុងហ្វេសបុក ។ ដោយបានសហការណ៍ល្អ ជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ មកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពបន្លំលួច នឹងបោកសម្លៀកបំពាក់ ក្នុងក្រុងសៀមរាប ចំនួន០៣លើក មាន៖-លើកទី១ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខ្លួនបានធ្វើសកម្មភាពបោកយកសម្លៀកបំពាក់ ពីជនរងគ្រោះ ដោយប្រាប់ជនរងគ្រោះថា ខ្លួនជាម៉ូយថៅកែធំ ហើយអោយជនរងគ្រោះច្រកខោអាវ ដែលមានតម្លៃស្មើ ៥០០ដុល្លារ។ពេលខ្លួនបានខោអាវហើយ ខ្លួនក៏អោយជនរងគ្រោះ ចូលទៅក្នុងតូបច្រកខោអាវទៀត ឆ្លៀតពេលនោះខ្លួនក៏បើកម៉ូតូគេចខ្លួន ។
-លើកទី២ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ជនសង្ស័យបានបន្លំលួចខោអាវ ជនរងគ្រោះ ដោយអោយជនរងគ្រោះច្រកខោអាវហើយ រួចជិះម៉ូតូគេចខ្លួន ។-លើកទី៣ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ខ្លួនបានចូលលួចខោអាវរបស់ជនរងគ្រោះ រួចគេចខ្លួនពិតប្រាកដមែន ដោយខោអាវដែលលួចបានខ្លួនយកដាក់លក់ជជុះក្នុងផ្សារលើ ។
លោកបញ្ជាក់ថា វត្ថុតាងដកហូតបាន ម៉ូតូជនសង្ស័យចំនួន០១គ្រឿង សម្លៀកបំពាក់ចំនួន០២កំភ្លេរ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕AFN