ខេត្តសៀមរាប៖មានហេតុការណ៍បង្ករភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារស្ត្រីម្នាក់បាននាំប្ដីចុងទៅប៉ងសម្លាប់ប្ដីដើមនិងបំភ្លេចបំផ្លាញទ្រព្យសម្បត្តិត្រូវបាននគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាបស្រាវជ្រាវឃាត់ខ្លួនទៅតាមបណ្តឹងរបស់ជនរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖ ទី១.ឈ្មោះ លឿម ផល្លី ហៅអាលី ភេទស្រីអាយុ ៣៦ឆ្នាំ មុខរបរ កម្មករឡនំបុ័ង កើតនៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិអញ្ជាញ សង្កាត់នគរធំ ក្រុង.ខេត្តសៀមរាប, ទី២.ឈ្មោះ អ៊ូ ជីតារស្មីដារ៉ា ហៅអាកុក ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ កើតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិអញ្ជាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ជាប់ពាក់ព័ន្ធក្នុងបទល្មើសករណីប៉ុនប៉ងឃាតកម្ម, ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស, ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទមិនរាងចាលក្នុងបទឧក្រិដ្ឋ កើតហេតុកាលពីវេលាម៉ោង ០៨និង៥០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ចំណុចផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា អង្គហេតុ នៅវេលាម៉ោង ០៨និង៥០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ចំណុចផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យឈ្មោះ លឿម ផល្លី ភេទស្រីអាយុ ៣៦ឆ្នាំ បានបើកម៉ូតូម៉ាកទ្រីមសង់ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ កាំសន្ទះស ពាក់ស្លាកលេខ សៀមរាប 1AD:3916 ឌុបឈ្មោះ អ៊ូ ជីតារស្មីដារ៉ា ហៅអាកុក ភេទប្រុស អាយុ ២៦ឆ្នាំ ប្រដាប់ដោយដាវកែឆ្នៃធ្វើសកម្មភាពកាប់ទៅជនរងគ្រោះឈ្មោះ ឃ្លាំង ប៊ុនធឹង ភេទប្រុស អាយុ ៥២ឆ្នាំ តែត្រូវជនរងគ្រោះក្រលេខឃើញ និងស្ទុះចុះពីលើម៉ូតូគេចខ្លួនទាន់ ទើបជនសង្ស័យកាប់ទៅលើម៉ូតូជនរងគ្រោះបណ្តាលឲ្យខូចខាតតែម្តង។ បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីនេះ កម្លាំងមូលដ្ឋានបានសហការណ៍ជាមួយកម្លាំងអធិការនគរបាលក្រុងសៀមរាប និងកម្លាំងអធិការនគរបាលស្រុកសូទ្រនិគម បន្តការស្រាវជ្រារកមុខសញ្ញាទាំងពីរនាក់ខាងលើ ជាបន្តបន្ទាប់។ លុះដល់ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ទើបនាំខ្លួនជនសង្ស័យទាំងពីរខាងលើនេះបាន៖តាមការស្តាប់ចម្លើយឈ្មោះ លឿម ផល្លី ហៅអាលី ភេទស្រី អាយុ ៣៦ឆ្នាំ បានសារភាពថា រូបនាងនិងជនរងគ្រោះឈ្មោះ ឃ្លាំង ប៊ុនធឹង ជាអតីតប្តីប្រពន្ធ (អនីតិសសង្វាសជន) ដោយខ្លួនទាំងពីរនាក់បានរស់នៅជាមួយគ្នានៅអំឡុងឆ្នាំ២០២០ លុះដល់អំឡុងខែកញ្ញា ឆ្នាំ២០២២ រូបនាងមានផ្ទៃពោះ ហើយឈ្មោះ ឃ្លាំង ប៊ុនធឹង បានទុកនាងចោល។ ចំណែកម៉ូតូរបស់នាងក៏ត្រូវឈ្មោះ ឃ្លាំង ប៊ុនធឹង យកទៅបញ្ចាំលេងល្បែងអស់។ ក្រោយមកនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ខ្លួនក៏មានប្តីថ្មីម្នាក់ទៀតឈ្មោះ អ៊ូ ជីតារស្មីដារ៉ា ហៅអាកុក ភេទប្រុស អាយុ ២៦ឆ្នាំ។នៅថ្ងៃកើតហេតុខ្លួនបានបើកម៉ូតូឌុបឈ្មោះ អ៊ូ ជីតារស្មីដារ៉ា ហៅអាកុក ប្រដាប់ដោយដាវកែឆ្នៃ ចេញពីចំណុចឡនំបុ័ងស្ថិតនៅភូមិអញ្ជាញ សង្កាត់នគរធំ ទៅស្ទាក់កាប់ជនរងគ្រោះនៅចំណុចកន្លែងកើតហេតុខាងលើ។ មូលហេតុដោយសារខឹងជនរងគ្រោះមិនផ្តល់ប្រាក់ឲ្យខ្លួនលោះម៉ូតូមកវិញ។តាមការស្តាប់ចម្លើយឈ្មោះ អ៊ូ ជីតារស្មីដារ៉ា ហៅអាកុក ភេទប្រុស អាយុ ២៦ឆ្នាំ បានសារភាពថា នៅថ្ងៃកើតហេតុឈ្មោះ លឿម ផល្លី បានបើកម៉ូតូឌុបរូបខ្លួនទៅរកឈ្មោះ ឃ្លាំង ប៊ុនធឹង ដើម្បីទារប្រាក់យកទៅលោះម៉ូតូ ពេលបានជួបឈ្មោះ ឃ្លាំង ប៊ុនធឹង គេមិនព្រមឈប់ម៉ូតូនិយាយគ្នាទេ ថែមទាំងគំរាមប្តឹងដល់សមត្ថកិច្ចនគរបាល។ ទើបពួកខ្លួនតាមដល់ចំណុចមុខកន្លែងប្តូរសំបកកង់រថយន្ត ខ្លួនក៏ស្ទុះចុះពីលើម៉ូតូ កាប់ទៅលើឈ្មោះ ឃ្លាំង ប៊ុនធឹង តែគាត់ដឹងខ្លួនផ្តួលម៉ូតូគេចខ្លួនទាន់ ទើបរូបគេកាប់ម៉ូតូគេតែម្តង។ មូលហេតុដែលរូបគេត្រៀមអាវុធដើម្បីកាប់ទៅលើជនរងគ្រោះ ព្រោះគេមិនព្រមផ្តល់ប្រាក់ និងមានចិត្តប្រច័ណ្ឌមិនចង់ឲ្យគេបន្តទាក់ទងជាមួយប្រពន្ធខ្លួនទៀត។ ជនសង្ស័យរូបនេះបាន សារភាពបន្ថែមថា រូបគេធ្លាប់ជាប់ពន្ធនាគាររយៈ៣ឆ្នាំ ក្នុងករណីហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ (កាំបិតខ្វែវ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១០និង៣០នាទីព្រឹក នៅមុខសាលារៀនបឋមសិក្សាវិហារចិន ភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប ក្នុងនោះបន្ទាប់ពីចេញពីពន្ធនាគារគេធ្លាប់ធ្វើសកម្មភាពគាស់ទ្វាបន្ទប់ជួលចំនួន ១លើក កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២និង០០នាទី រំលងអាទ្រាធ ចំណុចបន្ទប់ជួល ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប និងធ្វើសកម្មភាពលួចមួកសុវត្តិភាពជាច្រើនលើកហើយមួកដែលលួចគឺយកទៅដាក់បញ្ចាំ នៅតាមតូបលក់សាំង នៅចំណុចភូមិស្ទឹងថ្មី និងម្តុំផ្លូវ៦០ម៉ែត្រ និងមួយចំនួនទៀតយកទៅដូរថ្នាំញៀនប្រភេទម៉ាទឹកកកយកមកប្រើប្រាស់។ ចំណែកម៉ូតូម៉ាកទ្រីមសង សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ កាំសន្ទះស ពាក់ស្លាកលេខ សៀមរាប 1AD:3916 ដែលជិះធ្វើសកម្មភាពគឺខ្លួនលួចពីឈ្មោះ ធុច ត្រូវជាម្តាយមីង កាលអំឡុងខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ននេះកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕AFN