***លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េតស្នងការរងនគរបាលខេត្តសៀមរាប គូសបញ្ជាក់ពីករណីបទល្មើសព្រហ្មទណ្ឌយ៉ាងដូច្នេះថា…
ខេត្តសៀមរាប៖ចូលរួមសោកស្តាយចំពោះគ្រួសារពួកគាត់ផង… យុវជនចំនួន៤នាក់រៀបគំរោងការកាប់ជនរងគ្រោះ ដោយសារគំនុំចាស់ បណ្តាលឲ្យរបួសធ្ងន់(ពិការ)រួចគេចខ្លួន។តែនៅទីបំផុតត្រូវកម្លាំងនគរបាលស្រុកពួក ស្រាវជ្រាវចាប់បានជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី៣០ខែមករាឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំរើល ស្រុកពួក ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលស្រុកពួក បានទទួលបាក្យបណ្តឹងរបស់ជនរងគ្រោះនឹងចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់៖ទី១.ឈ្មោះ ណី បូណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករ ,២.ឈ្មោះ វ៉ា ធា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករ អ្នកទាំងពីរកើតនៅភូមិត្រពាំងឬស្សី ឃុំរើល ស្រុកពួក។ ៣.ឈ្មោះ ណាត ឆានុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករ ,៤.ឈ្មោះ ឡេ លីម ហៅពុយ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នភូមិព្រលឹត ឃុំរើល ស្រុកពួក ជាប់ពាក់ព័ន្ធក្នុងបទល្មើសករណីហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោសបណ្តាលឲ្យពិការភាពជាអចិន្ត្រៃយ៍ និងសមគំនិតក្នុងករណីហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោសបណ្តាលឲ្យពិការភាពជាអចិន្ត្រៃយ៍ កើតហេតុកាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ចំណុចផ្លូវកៅស៊ូ ស្ថិតភូមិក្អែកទំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
លោកបន្ថែមថា នៅថ្ងៃកើតហេតុមានសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន ២នាក់ ជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ណែម នង់ ភេទប្រុស ២១ឆ្នាំ ត្រង់ចំណុចផ្លូវកៅស៊ូ ស្ថិតភូមិក្អែកទំ ឃុំរើល ស្រុកពួក បណ្តាលឲ្យជនរងគ្រោះរងរបួសដាច់ម្រាមដៃចំនួន១(ចង្អុលដៃខាងធ្វេង)។ក្រោយធ្វើកម្មភាពហើយជនសង្ស័យបានបើកម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះបានទៅមន្ទីរពេទ្យ លុះដល់រសៀលថ្ងៃទី៣០ខែមករា ឆ្នាំ២០២៣ ទើបមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរើល។
លោកបន្ថែមថា តាមការស្តាប់ចម្លើយឈ្មោះ វ៉ា ធា ភេទប្រុស អាយុ ១៧ឆ្នាំ បានសារភាពថា៖ នៅយប់កើតហេតុរូបគេបានប្រើឧបាយកលទូរស័ព្ទណាត់ជនរងគ្រោះទៅលេងនៅក្នុងកម្មវិធីបុណ្យនៅក្នុងវត្តរើល ស្ថិតនៅរើល ឃុំរើល ពេលជនរងគ្រោះបើកម៉ូតូទៅដល់ឃ្លោងទ្វាវត្តរើល រូបគេបានទូរស័ព្ទឲ្យជនរងគ្រោះឡប់ក្រោយមកចំណុចស្ពានជាប់ផ្លូវកៅស៊ូ ស្ថិតភូមិក្អែកទំ ឃុំរើល ស្រុកពួក ដោយកុហក់ថា រូបគេកំពុងរងចាំនៅទៅ ហើយឲ្យឈ្មោះ ណី បូណា បើកម៉ូតូឌុប ឈ្មោះ ឆាត ឆានុន ទៅកាប់លើជនរងគ្រោះតែម្តង។តាមការស្តាប់ចម្លើយឈ្មោះ ឡេ លីម ហៅពុយ ភេទប្រុស អាយុ ២២ឆ្នាំ បានសារភាពថា៖ខ្លួនជាមុខសញ្ញាចាស់ក្នុងបទល្មើសគ្រឿងញៀន និងករណីប៉ុនប៉ងរំលោភសេពសន្ថវៈ កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ចំណុចភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក។ ចំពោះករណីខាងលើនេះរូបខ្លួនក៏បានចូលរួមរៀបគំរោងដើម្បីកាប់ទៅលើជនរងគ្រោះផងដែរ តែពេលនោះខ្លួនពុំមានម៉ូតូជិះទើបមិនបានរួមកាប់ តែខ្លួននៅជាមួយឈ្មោះ វ៉ា ធា រង់ចាំដំណឹងពីឈ្មោះ ណី បូណា និងឈ្មោះ ណាត ឆានុន។តាមការស្តាប់ចម្លើយឈ្មោះ ណី បូណា ភេទប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ ណាត ឆានុន ភេទប្រុស អាយុ ១៨ឆ្នាំ បានសារភាពស្រដៀងគ្នាថា៖ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រុមជនរងគ្រោះបានធ្វើសកម្មភាពវាយមកលើក្រុមរបស់ខ្លួននៅក្នុងបរិវេណវត្តព្រលឹត ភូមិព្រលឹត ឃុំរើល ក្រោយពេលវាយក្រុមរបស់ខ្លួនហើយឈ្មោះ ណែម នង់ តែងតែដើរអួតរឿងកាប់ចាក់ និងបោះសម្តីមកក្រុមខ្លួនថា “ចង់កាប់មួយស្មើក៏បាន ឬកាប់ពីរទល់និងមួយក៏បាន រូបគេរងចាំជានិច្ច”។ ដោយមានគំនុំក្នុងរឿងចាស់ ពួកខ្លួនបានឲ្យឈ្មោះ វ៉ា ធា ខលតាមឆាតណាត់ឈ្មោះ ណែម នង់ កុហក់ថាទៅដើរលេងទៅវត្តរើល ដោយឈ្មោះ ណី បូណា ជាអ្នកបើកម៉ូតូឌុបឈ្មោះ ណាត ឆានុន ប្រដាប់ដោយដាវចំនួន ១ដើម ស្ទាក់ចាំកាប់ទៅលើជនរងគ្រោះនៅកន្លែងកើតហេតុខាងលើ។ បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះរួចហើយឈ្មោះ ណាត ឆានុន ទូរស័ព្ទប្រាប់ទៅឈ្មោះ វ៉ា ធា ថាធ្វើការបានសម្រេចហើយ។
វត្ថុតាងដកហូតបាន៖ ដាវចំនួន ១ដើម ប្រវែង ៧០សង់ទីម៉ែត្រ មុខកាត់ ៦សង់ទីម៉ែត្រ, ទូរស័ព្ទចំនួន ៤គ្រឿ(ម៉ាក Realme ពណ៌ក្រហម ផ្ទុកស៊ីកាតលេខ ០៩៧ ៦៤៣៨៣៩០, ម៉ាក Oppo ពណ៌ខ្មៅ លាយក្រហម ផ្ទុកស៊ីកាតលេខ ០៨៨ ៦៨៥៥៤០៣, ម៉ាក iPhone 7plus ពណ៌ខ្មៅ ផ្ទុកស៊ីកាតលេខ ០៩៧ ៣៥៣៣០៥៩, ម៉ាក vivo ព័ណ៌ផ្ទៃមេឃ របស់ជនសង្ស័យប្រើសម្រាប់ខល និងឆាត់ណាត់គ្នាដើម្បីធ្វើសកម្មភាព។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បញ្ជាក់ថា នៅព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២៣ នៅរសៀលថ្ងៃទី៣១ខែមករាឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ខាងលើទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
លោកបានបញ្ជាក់ទៀតថា នៅព្រឹកមិញនេះលោកបានកោះប្រជុំការិយាល័យជំនាញព្រហ្មទណ្ឌ ទាំង៣ គឺជារួមលោកបានផ្ដោតសំខាន់ទៅលើករណីអំពើហិង្សាទោះបីជននោះជាសិស្សសាលាឬជាអ្វីក៏ដោយឲ្យតែមានករណីអំពើហិង្សាកាប់ចាក់គ្នានៅក្នុងមូលដ្ឋាននៃខេត្តសៀមរាបគឺលោកមិនអនុគ្រោះនោះឡើយ៕ដោយ៖AFN