ភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់ស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់ កំពុងព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ក្នុងហេតុការណ៍ អគ្គិភ័យឆាបឆេះភោជនីយដ្ឋាន «កន្លែងថ្មី» ស្ថិតនៅតាមបណ្តោយផ្លូវ១៣៤ កែងផ្លូវ២៣៣ ក្រុម៤១ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យឆេះភោជនីយដ្ឋានខាងលើ លោកបានបញ្ជាកម្លាំងជំនាញចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ហើយពន្លត់ទាន់ពេលវេលាមិនឲ្យឆេះរាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៩គ្រឿង ប្រើប្រាស់ទឹកអស់ទឹកចំនួន ៩ឡាន ស្មើនឹង ៣៦ម៉ែត្រគូប, រថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប, រថយន្តទីក្រុង នរា ចំនួន ២គ្រឿង មិនបានប្រើប្រាស់ និងរថយន្តទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង មិនបានប្រើប្រាស់ទឹក។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ចំពោះគ្រោះអគ្គិភ័យខាងលើនេះ បានបំផ្លាញម៉ូតូអស់ ២គ្រឿង, សម្ភារៈក្នុងហាងមួយចំនួន ក្នុងនោះជាប្រភេទ ថ្មបេតុងប្រក់សង្ក័សី ដែលមានទំហំ ២០ម៉ែត្រ x ១៩ម៉ែត្រ។
បច្ចុប្បន្នអ្នករងរបួសម្នាក់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅមន្ទីរពេទ្យលោកសង្ឃ និងសពមនុស្ស២នាក់ទៀតយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ។ ក្រោយកើតហេតុ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ហៅមេការទៅធ្វើការសាកសួរនៅឯប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី២៕សេរី