ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២៣នេះ បានចុះអនុវត្តន៍ដេការបស់តុលាការ ហើយធ្វើការនាំខ្លួនស្ត្រីម្នាក់ជាថៅកែផ្ទះល្វែងដ៏ល្បីល្បាញនៅក្រុងសៀមរាប មកកាន់តុលាការ ដើម្បីសួរនាំ ករណីបណ្តឹងរបស់ពលរដ្ឋចំនួន៦គ្រួសារពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត លក់ផ្ឬះល្វែងខ្យល់ ដោយបានយកលុយពីពលរដ្ឋអស់រាប់សិបម៉ឺនដុល្លារ។
សូមរម្លឹកថា ដីការបស់សាលាដំបូងខេត្តសៀមរាប ករណីបណ្តឹងនេះ គឺកើតឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ក្រោយពីឈ្មោះ លី ហាំងសេង និងប្រពន្ធឈ្មោះ អៀង ប៊ួយគង់ បានធ្វើការផ្សព្វផ្សាយលក់គម្រោងផ្ទះល្វែង មានទីតាំងស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ ដោយមានទំនុកចិត្ត ពលរដ្ឋចំនួន៦គ្រួសារ បានទិញដោយធ្វើកិច្ចសន្យាទិញលក់ និងកក់ប្រាក់ និងបង់ប្រាក់ជាបន្តបន្ទាប់ទៅឱ្យក្រុមហ៊ុនផ្ទះល្វែងជាប្រាក់សុទ្ធ និងវេរតាមគណនីធនាគារ ABA ដោយមិនមានការបង់យឺតយ៉ាវឡើយ។
ក្រុមហ៊ុនផ្ទះល្វែងបានចាប់ផ្តើមធ្វើការសាងសង់ និងមានសន្ទុះលឿនតាមពេលវេលាកំណត់នៅក្នុងកិច្ចសន្យា ហើយក្រោយមកក្រុមហ៊ុនផ្ទះល្វែងបានបំពេញបែបបទចុះបញ្ជី និងបំបែកក្បាលដី ដើម្បីផ្ទេរសិទ្ធិមកឱ្យពលរដ្ឋទាំង៦គ្រួសារតាមទំហំដី និងផ្ទះដូចមានកំណត់នៅក្នុងកិច្ចសន្យាទិញលក់ ហើយក្រុមហ៊ុនថែមទាំងមានវិញ្ញាបនបត្រល្វែងនីមួយៗ ដែលបានបំបែករួចមកបង្ហាញឱ្យពលរដ្ឋទាំង៦គ្រួសារមើលផងដែរ។
ក្រោយមកបានដំណឹងថា ឈ្មោះ លី ហាំងសេង និងប្រពន្ធ អៀង ប៊ួយគង់ បានយកដីដែលបំបែករួចមាននៅក្នុងវិញ្ញាបនបត្រដីល្វែងតូចៗនីមួយៗទៅដាក់បញ្ចាំហ៊ីប៉ូតែកឱ្យធនាគារ អ អេច ប៊ី (ខេមបូឌា) សាខាខេត្តសៀមរាប ទៅវិញ ។ រហូតមានការប្តឹងផ្តល់គ្នារវាងធនាគារ អ អេច ប៊ី ជាមួយនឹងក្រុមហ៊ុនផ្ទះល្វែង ក្នុងចេតនាឈានដល់ការរឹបអូសយកដីផ្ទះទាំង៧ល្វែងរបស់ពលរដ្ឋទាំង៦គ្រួសារទៀតផង។ ជាក់ស្តែងសាលក្រមរដ្ឋប្បវេណីដែលចេញដោយសាលាដំបូងខេត្តសៀមរាប អាចឱ្យភាគីក្រុមហ៊ុនផ្ទះល្វែងអាចប្តឹងទាស់ ឬប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់បាន។ ប៉ុន្តែខាងក្រុមហ៊ុនផ្ទះល្វែង បែរជាមិនព្រមធ្វើការប្តឹងទាស់ ឬប្តឹងឧទ្ធរណ៍ ទុកឱ្យសាលក្រមចូលជាស្ថាពរ ហើយមិនព្រមដោះស្រាយជាមួយពលរដ្ឋដែលបានទិញផ្ទះល្វែងនោះឡើយ ដែលវាបញ្ជាក់ថា ភាគីក្រុមហ៊ុនផ្ទះល្វែងមានពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។
នៅទីបំផុតបន្ទាប់ពីតុលាការសួរនាំអស់រយៈពេល១ថ្ងៃពេញ គឺត្រូវបានតុលាការខេត្តសៀមរាប សម្រេចឲ្យឃុំខ្លួនថៅកែផ្ទះល្វែង ឈ្មោះលោកស្រីអៀង ប៊ួយគង់ ទៅដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។
ពលរដ្ឋទាំង៦គ្រួសារបានថ្លែងអំណរគុណយ៉ាងចំពោះកម្លាំងកងរាជអាវុធខេត្ថខេត្តសៀមរាប និងស្ថាប័នតុលាការខេត្តសៀមរាប ដែលបានជួយរកយុត្តិធម៌ឲ្យពួកគាត់ ដែលជាពលរដ្ឋស្លូតត្រង់៕AFN