ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចចម្រុះនៃស្រុកស្វាយលើ បានសហការគ្នាជួយពន្លត់ភ្លើងឆេះចំការពូជឈើធ្នង់ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយលើ ត្រូវបានអគ្គិភ័យឆាបឆេះអស់ប្រមាណជា១០ហិចតា ដោយសារតែភ្លើងរាលពីស្រែរបស់អ្នកភូមិដុតទុកចោល។
លោកម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានឲ្យដឹងថា បន្ទាប់ពីលោកទទួលបានព័ត៌មាន ករណីភ្លើងឆេះក្នុងចំការពូជឈើធ្នង់ នៅរសៀលថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២៣ លោកបានរាយការណ៍ទៅថ្នាក់លើ ដើម្បីសុំការជួយអន្តរាគមន៍។គ្រានោះលោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានចាត់ឲ្យកម្លាំងចម្រុះដើម្បីចុះជួយអន្តរាគមន៍ពន្លត់ភ្លើងដែលឆេះរាលក្នុងចំការពូជឈើធ្នង់។
លោកបន្តថា កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើ បានយករថយន្តពន្លត់អគ្គិភ័យ១គ្រឿង ចុះដល់ទីតាំងដែលភ្លើងកំពុងឆេះរាលដាល ហើយបានរាយទុយយោធ្វើការបាញ់ទឹកពន្លត់អណ្តាតភ្លើងឆេះរាលដាលខ្លាំង និងកម្លាំងខ្លះទៀតបានកាច់មែកឈើដើរវាយពន្លត់តាមជួរភ្លើងឆេះរាលដាលតូចៗ។
លោកបន្ថែមថា ការចុះអន្តរាគមន៍ពន្លត់ភ្លើងព្រៃនេះក្រុមការងារប្រើរយៈពេលជាង២ម៉ោងទើបអាចគ្រប់គ្រងស្ថានការណ៍បាននិងពន្លត់រំលត់ចប់ជាស្ថាពរនៅវេលាម៉ោង១៧និង២០នាទីថ្ងៃដដែល។
លោកបញ្ជាក់ថា មូលហេតុដែលបង្ករជាភ្លើងឆេះរាលដាលចូលចំការពូជឈើធ្នង់ នេះគឺដំបូងឆេះចេញពីវាលស្រែរបស់តាក្របី(មិនស្គាល់នាមត្រកូល)ដែលនៅខាងត្បូងក្រៅក្រវាត់ព្រំចំការ ហើយទំហំនៃការឆេះខូចខាតក្នុងចំការពូជឈើធ្នង់នេះគឺឆេះអស់ប្រហែល១០ហិកតា។
គួររម្លឹកផងដែរថា នារដូវប្រាំងនេះភ្លើងឆេះព្រៃអាចកើតឡើងជាយថាហេតុ ដូច្នេះសូមពលរដ្ឋនិងសមត្ថកិច្ចមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ថែមទៀត ទាំងដីព្រៃនិងផ្ទះសម្បែង។ជាមួយគ្នានោះដែរក៏មានជនខិលខូចមួយចំនួនតែងតែមានគំនិតមិនល្អដុតព្រៃដើម្បីរានយកព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធ៕