Sunday, November 24, 2024
Header Banner

នៅទីបំផុតនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលគប់កញ្ចក់រថយន្តអ្នកដំណើរបានហើយ

ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ដោយទទួលបានព័ត៌មានស្តីពីករណីមានជនមិនស្គាល់គប់កញ្ចក់រថយន្តអ្នកដំណើរ ទើបនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងនគរបាលស្រុក បានសហការជាមួយកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរលួស បើការស្រាវជ្រាវ និងទាក់ទងទៅម្ចាស់អាខោនហ្វេសបុគដែលបង្ហោះ ដើម្បីសុំការបំភ្លឺ និងទទួលបណ្តឹងផ្ទាល់មាត់ ដោយសារជនរងគ្រោះ ជាម្ចាស់ឡាន កំពុងដឹកអ្នកជំងឺទៅព្យាបាលនៅប្រទេសថៃ ។ លោកបន្តថា បន្ទាប់ពីសាកសួរ និងស្រាវជ្រាវ សមត្ថកិច្ចបានកំណត់មុខសញ្ញា និងបាននាំខ្លួនឈ្មោះ ព្រហ្ម សុភាព ហៅសាលី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរៈ នៅផ្ទះ ស្រុកកំណើត នៅភូមិឈូក ឃុំសំរោង ស្រុកសំរោង ខេត្តឧត្តរមានជ័យ ទីលំនៅបច្ចុប្បន្ន ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប មកធ្វើការសាកសួរនាំ ។ លោកបន្ថែមថា ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានគប់ដុំថ្មលើឡាន របស់គាត់ នៅចំណុច ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង២០:៣០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ពិតមែន។មូលហេតុ ពេលខ្លួនដើរទៅទិញបារី លើដងផ្លូវជាតិលេខ៦ មានឡាន០១គ្រឿង បើកបរយ៉ាងលឿនមកក្បែរ ខ្លួនក៏ស្រែកថាប្រយ័ត្នបុកខ្ញុំ ដោយសារខឹង ពេលឃើញភ្លើងឡាន០១គ្រឿងទៀតមក ខ្លួនក៏រើសដុំដីគប់ទៅលើឡាននោះ ហើយគេចខ្លួន ។តាមការបំភ្លឺពីម្តាយជនសង្ស័យ បានរៀបរាប់ថា ៖កូនរបស់គាត់ ឈ្មោះ ព្រហ្ម សុភាព ធ្លាប់បានដួលម៉ូតូដោយខ្លួនឯង ប៉ះពាល់ផ្នែកក្បាលខ្លាំងចំនួន០២លើក នៅឆ្នាំ២០២១ បងស្រីរបស់ឈ្មោះ ព្រហ្ម សុភាព បានស្លាប់ពេលធ្វើបុណ្យខួប១០០ថ្ងៃរួច ប្រពន្ធវាបានរត់ចេញពីផ្ទះទៅបាត់ទៀតក្រោយមក វាក៏ចាប់ផ្តើមផឹកស្រាជាប្រចាំ មិនសូវស៉ីបាយទឹកឡើយ ដោយសង្ស័យថាកូនមានជំងឺផ្លូវចិត្ត រូបគាត់ធ្លាប់នាំកូនម្នាក់នេះ ទៅពេទ្យហើយពេទ្យបានអោយថ្នាំមកលេប តែលេបបានតែ២ខែវាឈប់លេបមកដល់សព្វថ្ងៃនេះ។យោងតាមចម្លើយសារភាព បច្ចុប្បន្នជនសង្ស័យ និងសំណុំរឿង ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង បញ្ជូនទៅ ការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប ដើម្បីចាត់ការបន្ត។

ក្នុងករណីនេះដែរនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសំណូមពរឲ្យម្ចាស់ហ្វេសបុកដែលផុសខាងលើ ព្រមទាំងអ្នកខមិន និយាយផ្សេងៗនោះ មេត្តាកែតម្រូវឡើងវិញផង។ព្រោះក្នុងករណីនេះកម្លាំងសមត្ថកិច្ចបានប្រឹងប្រែងជ្រាវជ្រាវរកឃើញជនល្មើស និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម